ព័ត៌មានជាតិ

អាជ្ញាធរ មិនត្រូវអនុវត្តច្បាប់ជំងឺកូវីដ-១៩ ឬផាកពិន័យពលរដ្ឋ ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរគ្ប់លំដាប់ថ្នាក់ មិនត្រូវអនុវត្តច្បាប់គ្រប់គ្រងជំងឺកូវីដ-១៩ ឬផាកពិន័យ ដល់ប្រជាពលរដ្ឋនោះទេ ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ នាពេលនេះ។

ក្នុងពិធីអភិសេករូបសំណាក «ព្រះថោងនាងនាគ» ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច គ្មានបំណងដាក់បំរាម នៃការលេងកម្សាន្ដ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនាពេលនេះ។

សម្ដេចតេជោ បញ្ជាក់ថា «សូម ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំអនុវត្តនូវច្បាប់ទាក់ទងទៅនឹងការគ្រប់គ្រងកូវីដ-១៩ និងជំងឺឆ្លងដទៃទៀត មិនអនុវត្តក្នុងការ នៃការចូលឆ្នាំ។ លើកលែង តែមានស្ថានភាពឆ្លងធ្ងន់ធ្ងរ គឺយើងអាចប្រកាសជូនប្រជាពលរដ្ឋរបស់យើង ដើម្បីផ្អាកការលេង ឬកាត់បន្ថយការលេង»។

សម្ដេចតេជោ បន្ដថា «សូមបញ្ជាក់ថា អាជ្ញាធរ ត្រូវមើលការទទួលខុសត្រូវ អំពីសន្ដិសុខសណ្ដាប់ធ្នាប់ ហើយក៏មិនអនុវត្តនូវច្បាប់ទាក់ទងទៅនឹងការគ្រប់គ្រងកូវីដ ឬទាក់ទងទៅនឹងការផាកពិន័យណាមួយនោះទេ ក្នុងរយៈពេលចូលឆ្នាំនេះ»

សម្ដេចតេជោ បន្ថែមថា សម្ដេច នឹងបន្ដតាមដានកិច្ចការងារទាំងនេះ ផុតពីអាទិត្យក្រោយទៅ អាចនឹងវាយតម្លៃបានថា តើភាពស៊ាំក្នុងសហគមន៍យើងដល់កម្រិតណា? ប៉ុន្ដែទោះបីមានឆ្លង ឬមិនមានឆ្លង ក៏អំពាវនាវដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា តាមការកំណត់របស់ក្រុមគ្រូពេទ្យ មិនគិតថ្លៃឡើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ក្នុងរដូវចូលឆ្នាំ ទោះបី សម្ដេច ណែនាំដល់អាជ្ញាធរមិនត្រូវអនុវត្តវិធានការសុខាភិបាលចំពោះប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំក៏ដោយ។ សម្ដេច បានស្វាគមន៍ដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស មកលេងកម្សាន្ដនៅប្រទេសកម្ពុជា៕

To Top