ភ្នំពេញ៖ ២ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសចរ បានចេញដើរលេងកម្សាន្ត នៅទូទាំងប្រទេស សរុបជាង ២លាន៤៤ម៉ឺននាក់។ នេះបើយោងតាម ក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ភ្ញៀវទេសចរក្នុងថ្ងៃទីពីរ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ មានចំនួន ១,៥៧៩,២៥១នាក់ ក្នុងនោះភ្ញៀវជាតិ ១,៥៦៩,៤៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩,៧៦៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តបាត់ដំបង ២៤១,៨១៧នាក់
* ខេត្តព្រៃវែង ១៥៥,៣០៤នាក់
* ខេត្តបន្ទាយមានជ័យ ១៣៧,១៨៣នាក់
* ខេត្តកំពង់ចាម ១២៣,៨៧០នាក់
* ខេត្តពោធិ៍សាត់ ១២០,៧១៤នាក់
* ខេត្តកំពត ១០៨,៤៤២នាក់
* ខេត្តសៀមរាប ១០៧,០១៤នាក់
* ខេត្តកំពង់ស្ពឺ ១០១,៧៥១នាក់។
លោក ថោង ខុន បានបន្តថា នាថ្ងៃទីពីរនេះ ចរន្តភ្ញៀវទេសចរមានភាពផុសផុល និងកុះករកាន់តែច្រើន បើធៀបនឹងថ្ងៃទី១ម្សិលមិញ បើទោះបីតំបន់ខ្លះ មានភ្លៀងធ្លាក់ក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះ មានការកើនឡើង រហូតដល់ប្រមាណ ៨៣% ធៀបនឹងថ្ងៃចូលឆ្នាំទី១។
លោកបន្តទៀតថា សរុបទាំង២ថ្ងៃ ភ្ញៀវទេសចរសរុប មានចំនួន២,៤៤២,១៤៨នាក់។ ចរន្តភ្ញៀវទេសចរ នឹងបន្តមានភាពផុសផលនាថ្ងៃបញ្ចប់ ពិធីបុណ្យចូលឆ្នាំនាថ្ងៃស្អែក និងបន្តរហូតដល់ថ្ងៃអាទិត្យ។
ស្ថានភាពចរាចរណ៍ នៅរាជធានីភ្នំពេញ នៅបន្តមានភាពទូលាយ ប៉ុន្តែមានភាពកកកុញ ជួបជុំភ្ញៀវទេសចរ និងប្រជាពលរដ្ឋ នៅទីតាំងសង្រ្កាន្តវត្តភ្នំ។ អ្នករាជធានីភ្នំពេញមួយចំនួន បានសម្រុកចេញពីភ្នំពេញ តាំងព្រលឹមឆ្ពោះទៅកាន់គោលដៅទេសចរណ៍នានា ហើយខ្លះក៏ត្រលប់ចូល រាជធានីវិញពេលល្ងាច ខណៈដែលខ្លះនៅបន្តដំណើរកម្សាន្ត នៅតាមគោលដៅផ្សេងទៀត។
នាថ្ងៃទី២នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានដើរកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានា ទូទាំងប្រទេស រួមទាំងទីកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត និងកម្មវិធីកម្សាន្តសប្បាយនានា។ ដោយឡែក បណ្តាខេត្ត ដែលពុំមានការរៀបចំសង្ក្រាន្តនៅទីរួមខេត្ត ក៏បានរៀបចំឲ្យមានតំបន់ត្រជាក់ចិត្ត នៅក្នុងប្រជុំជនក្នុងទីរួមខេត្ត ដោយមានការដាក់ឡានទឹក ដើម្បីបាញ់កម្សាន្តដាក់ប្រជាពលរដ្ឋ ចាក់ភ្លេង និងរាំលេងកម្សាន្ត រួមជាមួយការលេងល្បែងប្រជាប្រិយផងដែរ។
ក្រៅតែពីសកម្មភាពពេលថ្ងៃ គោលដៅមួយចំនួន នៅបន្តមានសកម្មភាពពេលរាត្រី ដែលទាក់ទាញភ្ញៀវទេសចរ ជាច្រើន ដូចជាតំបន់ផាប់ស្រ្ទីត (Pub Street) ក្នុងខេត្តសៀមរាប និងតាមបណ្តោយឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុជាដើម រួមជាមួយទីតាំងសង្ក្រាន្ត ដែលមានកម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌ជាដើម។
មិនសូវខុសពីថ្ងៃទី១ទេ ក្រៅពីខេត្តទាំង៤ ដែលបានដកចេញកាតព្វកិច្ចពាក់ម៉ាស ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនដែលទៅលេងកម្សាន្ត កម្មវិធីសង្រ្កាន្ត តំបន់ត្រជាក់ចិត្ត ជះទឹក និងប៉ាតម្សៅ ឬកម្មវិធីកម្សាន្ត តាមភូមិស្រុកនានា មានចំនួនមិនសូវច្រើនទេ ដែលបានពាក់ម៉ាស់បានខ្ជាប់ខ្ជួន ប៉ុន្តែយ៉ាងណាក៏ដោយ ភ្ញៀវដែលដើរកម្សាន្ត នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការពាក់ម៉ាស់បានខ្ជាប់ខ្ជូនជាង រួមជាមួយការចូលរួមអនុវត្ត SOP បានល្អប្រសើរជាងភ្ញៀវនៅតាមកន្លែង ដែលមានការប្រមូលផ្តុំច្រើន៕