ព័ត៌មានជាតិ

ចាប់ខ្លួនមន្ត្រីយោធាផ្កាយ២ ម្នាក់ និង ស្រីស្នេហ៍ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ជិត ៤០ ម៉ឺនដុល្លារ

ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកាលពីថ្ងៃថ្មីៗនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះ មានបុរសម្នាក់ គឺជាមន្ត្រីយោធាពាក់ផ្កាយ២ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោក
ប្រាក់ , លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ប្រព្រឹត្តនៅក្នុងខេត្តកំពង់ឆ្នាំង។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ មានឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាមន្ត្រីយោធា
ពាក់ផ្កាយ២ និងឈ្មោះ កែវ ស្រីវ៉ាង ហៅទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរគួកជេរដី ។ អ្នកទាំង២ ជាគូស្នេហ៍នឹងគ្នា។

ពួកគេទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឆបោក, លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងការមិនគោរពសេចក្តីសម្រេចរបស់តុលាការ និងត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ៥ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង -ខេត្តកណ្តាល ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ និង កែវ ស្រីវ៉ាង ហៅ ទេស មីនា នេះ គឺត្រូវបានធ្វើឡើង តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចំរើន ដែលបានចោទប្រកាន់ថា: បានលួចយកដីដែលជាប់រក្សាការពារ និង បានឆបោកប្រាក់ពី ឈ្មោះ ហ៊ុន ចំរើន ចំនួន ៤០ម៉ឺនដុល្លារអាមេរិក។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ,
ឈ្មោះ គឹម ណារិទ្ធ និងឈ្មោះ កែវ ស្រីវ៉ាង
ហៅ ទេស មីនា មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ ដោយ: លីហ្សា

To Top