ព័ត៌មានជាតិ

ព្រឹទ្ធសភា នឹងបន្ដពិនិត្យឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈចំនួន១ គឺ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។

២-កំណត់របៀបវារៈ និងកាលបរិច្ឆេទសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ៕

To Top