ព័ត៌មានជាតិ

ក្រសួងការងារ ផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ ក្នុងវិស័យទេសចរណ៍ព្យួរកិច្ចសន្យាការងារ ស្របតាមវិធានការរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់ កម្មករនិយោជិតចំនួន ១,៩២៩នាក់ នៃសហគ្រាសទាំង១៤ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨០)។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៨ មេសា បានឲ្យដឹងថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលកម្មករនិយោជិត បានផ្តល់មកឲ្យក្រសួង តាមរយៈរដ្ឋបាល សហគ្រាសនាពេលកន្លងមក។

ក្រសួងបន្ដថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះ៖ ១២០ ០០០រៀល (៣០ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ។ ដោយឡែក ១៦០ ០០០រៀល (៤០ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ៕

To Top