ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ណែនាំ ៥ ចំនុច សម្រាប់អភិបាល ក្រុងកំពង់ចាម ទើបប្រកាសចូលកាន់តំណែង យកទៅអនុវត្ត

កំពង់ចាម ៖ ប្រកាស លោក លី សុវណ្ណ ចូលកាន់តំណែង ជាអភិបាលក្រុងកំពង់ចាម ដោយលោក ចាន់ ផល្លី អតីតអភិបាលក្រុង ចូលនិវត្តន៍ ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ជាមួយគ្នានោះលោក សេង រដ្ឋា និង លោក ស្លេះ អ៉ីសា ត្រូវបានប្រកាសជាអភិបាលរង ក្រុងកំពង់ចាម និង លោកស្រី ឈាន់ សុធី ជានាយករដ្ឋបាល ក្រុងកំពង់ចាមផងដែរ ។

ក្រោយពីការប្ដេជ្ញាចិត្ត របស់លោក លី សុវណ្ណ អភិបាលថ្មី ក្រុងកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួន សម្រាប់លោកអភិបាលក្រុងថ្មី យកទៅអនុវត្តដូចខាងក្រោមនេះ ៖

ទី១ ៖ ត្រូវពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការរក្សានូវ សុខសន្តិភាព ជូនប្រជាពលរដ្ឋ ។

ទី២ ៖ ត្រូវខិតខំបន្តពង្រឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ទាំងសេវាសាធារណៈ និងសេវាបម្រើ ។

ទី៣ ៖ ត្រូវរៀបចំការអភិវឌ្ឍក្រុង ដើម្បីចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីរក្សាអោយបាន នូវជ័យលាភីរំដួល ៣ ទង ដែលខេត្តកំពង់ចាមធ្លាប់ទទួលបាន ។

ទី៤ ៖ ត្រូវខិតខំបំពេញភារកិច្ច ក្នុងកិច្ចការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

ទី៥ ៖ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដែលជាកត្តាសំខាន់ ដើម្បីសម្រេចបានជោគជ័យលើភារកិច្ច នៃអង្គភាពរបស់ខ្លួន ៕

To Top