ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ វិស័យពិការភាព មិនទាន់មានច្បាប់អនុញ្ញាត ឲ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព»។
ការលើកឡើងរបស់ ក្រុមប្រឹក្សាសកម្មភាពជនពិការ បែបនេះ ក្រោយពីមានរថយន្ដមួយគ្រឿង បានបំពាក់ស្លាក់លេខ «ជនមានពិការភាព» ហើយធ្វើចរាចរណ៍ នៅតាមដងផ្លូវនៅកម្ពុជា ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ លោក ឯម ច័ន្ទមករា បានថ្លែងថា «ក្នុងនាមជាអ្នកទទួល បន្ទុកវិស័យពិការភាព ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួង ពាក់ព័ន្ធវិស័យពិការភាព នៅមិនទាន់មានច្បាប់ អនុញ្ញាតឲ្យប្រើស្លាកលេខរថយន្ត ជនមានពិការភាព ដូចមានក្នុងរូបភាព ខាងក្រោមនេះទេ»។
លោក ក៏បានអំពាវនាវដល់ម្ចាស់រថយន្ត ឲ្យទៅធ្វើស្លាកលេខ រថយន្តឲ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់ មកលើអង្គភាពពាក់ព័ន្ធ។ លោកថា ត្រូវចែកឲ្យដាច់ រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេស សម្រាប់ជនមានពិការភាព ៕