ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង និងផ្លូវបេតុង ១ ខ្សែ ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ។

លោក បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផល ដែលបន្តកើតមានក្នុងការសាលារៀន ដែលមានអាយុកាល ជាង៣០ ឆ្នាំមួយនេះ ក្រោមកម្លាំងសាមគ្គីធម៌ របស់សប្បុរសជន ជិតឆ្ងាយ ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកបូរីជលសារ ក៏ដូចជាក្នុងខេត្តតាកែវ និងនៅទូទាំងប្រទេស ។ ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធ របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំ ជួយកសាងសមិទ្ធផល យ៉ាងច្រើន សន្ធឹកសន្ធាប់លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានខេត្តតាកែវ សម្រាប់បន្សល់ទុក ជាកេរដំណែល ដល់ជំនាន់ក្រោយៗទៀត ។

មិនតែប៉ុណ្ណោះ លោក ក៏សូមអបអរសាទរចំពោះឱកាស នៃការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយនាពេលនេះ ជាពិសេសស្របពេល ដែលប្រជាជនទូទាំងប្រទេស ទើបបានកំសាន្តសប្បាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលត្រូវបានប្រារព្ធទ្បើង យ៉ាងអាធិកអាធម ដោយទំនុកចិត្តខ្ពស់ និងមិនមានការភ័យខ្លាច គឺខុសពីកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ដោយក្នុងកាលៈទេសៈនោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកកំពុងជាប់មមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលគួរឱ្យព្រួយបារម្ភនៃជំងឺកូវីដ-១៩។ ការគ្រប់គ្រងស្ថានការណ៍ ប្រកបដោយជោគជ័យនេះ មិនបាន កើតទ្បើង ដោយចៃដន្យនោះទេ ។ ជាក់ស្តែងណាស់ គឺជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត របស់ សម្តេចតេជា នាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ រួមជាមួយនឹង ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយវិញគ្នាជាធ្លុងមហាសាមគ្គីប្រយុទ្ធ ក្នុងសង្គ្រាមមេរោគរាតត្បាតដ៏តឹងតែងមួយនេះ រហូតនាំកម្ពុជាឱ្យឈរ ចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោក ក្នុងនាមជាប្រទេស ដែលមានសមត្ថភាពស្តារខ្លួនងើបចេញពីជំងឺ Covid-១៩ ។

លោក បានរំលេចផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះជាមួយ នឹងចក្ខុវិស័យច្បាស់លាស់ និងការសំលឹងទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាស សិក្សារៀនសូត្រឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។ យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវ សុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ។

លោក ម៉ាណែត ក៏សូមអគុណ ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ រួមទាំងអ្នកបូរីជលសារនេះផ្ទាល់ ដែលតែងជឿ ជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោ ដែលជាមេដឹកនាំប្រកប ដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និង បទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការ ដឹកនាំប្រកប ដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំង ក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និង នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ៕

























