ព័ត៌មានជាតិ

នៅខែឧសភា សម្តេចតេជោ នឹងចេញទៅក្រៅប្រទេស និងមានកិច្ចប្រជុំសំខាន់ៗជាប់គ្នា ខណៈកម្ពុជាជិតដល់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា នៅក្នុងខែឧសភា ខាងមុខនេះ សម្តេចមានភាពមមាញឹកជាខ្លាំង ទាំងការធ្វើដំណើរចេញទៅប្រជុំនៅក្រៅប្រទេស ដូចជាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមរិក នៅទីក្រុងវ៉ាស៊ីនតោន និងទៅកាន់ប្រទេសដាវ៉ូស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនានា បើទោះបីជាស្របពេលកម្ពុជា ត្រូវរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងថ្ងៃទី៥ ខែមិថុនា ក៏ដោយ ។

ការលើកឡើងជុំវិញការធ្វើដំណើរទៅប្រជុំនៅក្រៅប្រទេសនេះ ក្នុងឱកាសសម្តេច អញ្ជើញសម្ពោធសមិទ្ធផលនានា ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដោយក្នុងនោះសម្តេច បានឲ្យដឹងថា ការដែលអាចចេញទៅប្រជុំនៅក្រៅប្រទេសបាន ដោយសារសម្តេច មិនបានចេញឃោសនា រកសំឡេងឆ្នោតឲ្យមេឃុំណាមួយនោះឡើយ ។

សម្តេចតេជោ បានមានប្រសាសន៍ថា “ក្នុងខែ៥(ឧសភា)នេះ ត្រូវចេញដំណើរទៅវ៉ាស៊ីនតោនផង ក្នុងការប្រជុំអាស៊ាន-អាមេរិក ដែលមានការឯកភាពគ្នាហើយ ទៅលើកាលបរិច្ឆេទនៃការប្រជុំ ថ្ងៃ១២និង១៣ ។ ចឹងខ្ញុំត្រូវចេញទៅថ្ងៃទី១០ ហើយត្រឡប់មកវិញថ្ងៃទី១៤ ប៉ុន្តែថ្ងៃទី១៥ ទើបមកដល់ស្រុក រួចហើយថ្ងៃទី២១ ត្រូវនឹងថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត ខ្ញុំត្រូវហោះចេញទៅសូរិក ទៅដាវ៉ូស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ព្រោះយើងជាប្រធានអាស៊ាននៅឆ្នាំនេះ ។ ចឹងត្រូវមមាញឹកបន្តិច នៅក្នុងដំណើរការ” ។

សម្តេចបានឲ្យដឹងទៀតថា បើទោះបីជា ចំថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ក៏ដោយ ក៏សម្តេចត្រូវចាកចេញពីកម្ពុជា ដើម្បីចូលរួមប្រជុំនានា ក្នុងនាមជាប្រធានអាស៊ានផងដែរ ខណៈថ្ងៃទី២៦ ឧសភា ជាថ្ងៃសម្តេចត្រឡប់ មកពីដាវ៉ូសវិញនោះ សម្តេចក៏ត្រូវមានការជួបប្រជុំ ដើម្បីអនាគតអាស៊ីតាមប្រព័ន្ធអនឡាញ ពីទីក្រុងតូក្យូមក ផងដែរ ។

សម្តេចតេជោ មានប្រសាសន៍ថា “ធ្វើយ៉ាងម៉េច ម៉ោង៦ព្រឹក ចុះដល់ព្រលានយន្តហោះពោធិ៍ចិនតុង ម៉ោង១១ ខ្ញុំចាប់ផ្តើមតាមអនឡាញ នៅសន្និសីទនោះ កុំអីខ្ញុំត្រូវនៅដល់ថ្ងៃទី២៧ បានវិលត្រឡប់តាមផែនការដើម ប៉ុន្តែដោយសារខ្ញុំទទួលចូលរួមអំពីសន្និសីទស្តីពីអនាគតអាស៊ី ខ្ញុំត្រូវត្រឡប់មកវិញ ដើម្បីចូលរួមតាមអនឡាញ ចុះពីលើយន្តហោះហើយ ប្រហែលមិនទាន់ដោះអាវ គឺចូលរួមនៅសន្និសីទនោះតែម្តង” ។

គួរឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ខាងមុខនេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទំទាក់ទំនង រវាងប្រជាជននិងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ចផងដែរ៕

To Top