ព័ត៌មានជាតិ

ត្រីមាសទី១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលជាង ១ពាន់លានដុល្លារ (Video)

ភ្នំពេញ៖ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបានប្រមាណជា១ ២៦៣.០៧ លានដុល្លារ ស្មើនឹង៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២២ កើនឡើង ២២.២៥%។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន អគ្គនាយករដ្ឋាពន្ធដារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ដ របស់អគ្គនាយករដ្ឋាពន្ធដារ នាថ្ងៃទី១៩ មេសា លោក គង់ វិបុល បញ្ជាក់ថា «រយៈពេល ៣ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញមានចំនួន ៥ ១១៥.៤២ ប៊ីលានរៀល (ប្រមាណជា ១ ២៦៣.០៧ លានដុល្លារ) ស្មើនឹង ៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៩៣០.៩៩ ប៊ីលានរៀល (ប្រមាណជា ២២៩.៨៧ លានដុល្លារ) ស្មើនឹង ២២.២៥%»។

លោករៀបរាប់ថា សម្រាប់រយៈពេល៣ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ៥ បានរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់ ធៀបនឹងខែរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ២ ៦៩៨.០២ប៊ីលានរៀល (កើនឡើង ៥១៥.១៧ ប៊ីលានរៀល ស្មើនឹង២៣.៦០%), អាករលើតម្លៃបន្ថែមមានចំនួន ៧៧៤.០១ ប៊ីលានរៀល (កើនឡើង ១០១.៧៩ ប៊ីលានរៀល ស្មើនឹង ១៥.១៤%), អាករពិសេសមានចំនួន ២៩៨.៤៧ ប៊ីលានរៀល (កើនឡើង ៤០.៨៤ ប៊ីលានរៀល ស្មើនឹង១៥.៨៦%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៣១៥ ប៊ីលានរៀល (កើនឡើង ៥៥.០៥ ប៊ីលានរៀលស្មើនឹង ២១.១៨%), និងពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ២២៦.៧៩ ប៊ីលានរៀល (កើនឡើង ៥៨.៩៤ ប៊ីលានរៀលស្មើនឹង ៣៥.១២%)។

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងទៀតថា ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២២ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញ ប្រមាណជា ៧៥០,៧១លានដុល្លារ ស្មើនឹង ២៦,៦៣% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ៕

To Top