ភ្នំពេញ ៖ ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា អង្គប្រជុំ បានដំណើរការដោយមានរបៀបវារៈចំនួនមួយ គឺ ពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឲ្យយោបល់ ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្កការឆ្លងរាលដាល និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ។
ជាងនេះទៅទៀត សម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការពាររុក្ខជាតិ និងភូតគាមអនាម័យនៅកម្ពុជា៕