ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យលើកឡើងថា ឥឡូវនេះមានប្រទេសជាច្រើនកំពុងស្រែករក និងខិតខំការពារសន្តិភាព របស់ខ្លួនពីការគំរាមកំហែងពីអំពើភេវរកម្ម ឬសង្គ្រាម បន្ទាប់ពីជម្លោះរវាង រុស្ស៊ីនិងអ៊ុយក្រែន បានកើតឡើង។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើង បន្ទាប់ពីពិភពលោករួមទាំងកម្ពុជា កំពុងជួបប្រទះទៅនឹងបញ្ហាសេដ្ឋកិច្ច ប្រេង ឧស្ម័ន ហ្គាស ឡើងថ្លៃ ដែលបណ្ដាលមកពីការអូសបន្លាយ នៃសង្គ្រាម រវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់បញ្ចប់នៅឡើយ។
ថ្លែងក្នុង ឱកាស អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រំលឹកថា ឱ្យរួមគ្នាត្រូវខិតខំ ការពារសន្តិភាពឱ្យខានតែបាន ទោះតម្លៃណាក៏ដោយ កុំចាំបាត់បង់សន្តិភាពទើបនាំគ្នាស្រែករកសន្តិភាព។
សម្ដេចតេជោ បញ្ជាក់ថា «ប្រទេសជាច្រើន ដែលកំពុងស្រែករកសន្តិភាព ប្រទេសជាច្រើន កំពុងតែខិតខំការពារសន្តិភាព របស់ប្រទេសគេ ក្រោមការគំរាមកំហែង ពីភេវរកម្ម ឬសង្គ្រាមរហូតទៅដល់បញ្ហា កំពុងត្រៀមបំរុង ថាតើមានលទ្ធភាពចូលទៅក្នុងសង្រ្គាមលោកលើកទី៣ ឬក៏សង្គ្រាមនុយក្លេរអ៊ែរឬអត់ បន្ទាប់ពីជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន បានកើតឡើង»។
សម្ដេចថា សូម្បីតែជប៉ុនក៏ព្រួយបារម្ភដែរ ព្រោះកូរ៉េខាងជើង ត្រៀមសាកអាវុធធុនថ្មី តែបាញ់ភ្លាមគឺកូរ៉េខាងជើង ដាក់ទៅក្នុងសមុទ្រជប៉ុនតែម្ដង ជួលកាលបាញ់រំលងប្រទេសជប៉ុនទៅទៀត។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការចំអកទៅកាន់ក្រុមប្រឆាំងដែល មិនហ៊ាននិយាយពាក្យ «សន្តិភាព» ព្រោះខ្លាចថាលើកមុខ លើកមាត់ នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬគណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
សម្ដេចបញ្ជាក់បន្ថែមថា «សូម្បីតែការពិតប៉ុណ្ណឹងគេមិនហ៊ានទទួលស្គាល់ផង តើវាជាប្រភេទអ្វី ប្រភេទមនុស្សឬតិរិច្ឆាន?»។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ចំអកថា «ឥឡូវអ្នកដែលមិនខ្លាច សូម នាំគ្នាទៅអ៊ុយក្រែនទៅ ជាពិសេសអ្នកដែលនៅក្រៅប្រទេសស្រាប់ តែអ្នកក្នុងប្រទេសខ្ញុំមិនឱ្យទៅទេ ស្ម័គ្រចិត្តទៅធ្វើទាហានអ៊ុយក្រែន ក៏ខ្ញុំអត់ឱ្យទៅដែរ។ ប៉ុន្តែអ្នកដែលនៅក្រៅប្រទេស ដែលចូលសញ្ជាតិបរទេសហើយ ខ្មែរនៅបរទេសនោះ សូមអញ្ជើញទៅអ៊ុយក្រែនទៅ គេស្វាគមន៍តើ! អានោះមកសុទ្ធកាំជ្រួញហ្វូងចាំតែហ៊ានតើ»៕