ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែម ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ឆ្នាំ២០២២នេះ ។
តាមរយៈសេចក្ដីអំពាវនាវ ក្រសួងអប់រំ បានឲ្យដឹងថា ការប្រឡងជ្រើសរើស សិស្សពូកែនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិ ឲ្យបានរឹងមាំ ។
ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡងជ្រើសរើស សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ជារៀងរាល់ឆ្នាំ ។ ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប ៕

