ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរ តាមផ្លូវអាកាសនៅថ្ងៃស្អែក

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពី សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នឹងប្រារព្ធពិធីប្រកាស ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ វាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) ជាជំនួយគាំទ្រហិរញ្ញប្បទាន សហប្រតិបត្តិការបច្ចេកទេស និងការបណ្ដុះបណ្ដាល របស់អង្គការ គយពិភពលោក ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ការអនុវត្តប្រព័ន្ធ ដែលជាឧបករណ៍បច្ចេកវិទ្យាថ្មី របស់រាជរដ្ឋាភិបាលក្នុងពេលនេះ ដើម្បីតភ្ជាប់ និងបញ្ជូន ទិន្នន័យព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information – API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record – PNR) ពីបណ្តាក្រុមហ៊ុន អាកាសចរណ៍ជាតិ និងអន្តរជាតិ ហោះហើរចេញ-ចូល កម្ពុជា មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange CamDX) ដែលស្ថាប័នមានសមត្ថកិច្ច អាចប្រើប្រាស់ ដើម្បីវិភាគហានិភ័យ តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន ។

លើសពីនេះ ការសម្រេចបាននូវ សមិទ្ធផលខាងលើ គឺជាជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខ របស់អង្គការតយពិភពលោក ក្នុងការប្រើប្រាស់ ព័ត៌មាន API/PNR ដើម្បីត្រួតពិនិត្យការ ធ្វើដំណើររបស់បុគ្គល មានហានិភ័យខ្ពស់ទាំងឡាយ ដែលស្ថិតក្រោមស្មារតីសេចក្តីសម្រេចជាបន្តបន្ទាប់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាងនេះទៅទៀត ប្រព័ន្ធវាយតម្លៃ ហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស ក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា៖ បង្កើនប្រសិទ្ធភាព ការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាម បណ្តាអាកាសយានដ្ឋានអន្តរជាតិ, ចូលរួមប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ចូលរួមប្រឆាំងនឹងចរាចរណ៍គ្រឿងញៀន, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងចូលរួមជំរុញរំហូរភ្ញៀវ ទេសចរណ៍, មិនតម្រូវឲ្យយកកម្រៃសេវាពីភ្ញៀវ ទេសចរណ៍ និងមិនតម្រូវឲ្យបន្ថែមបន្ទុក ចំណាយថវិការដ្ឋដែលជាការ ចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ វិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីពេលថ្មីៗកន្លងមក ៕

To Top