ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ។ ក្នុងប្រការ៥ នៃសេចក្តីសម្រេច គណៈកម្មការអន្ដរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់ ។
សម្រាប់គណៈកម្មការអន្តរក្រសួង ដែលរាជរដ្ឋាភិបានទើបចេញ សេចក្តីសម្រេចជាផ្លូវការ កាលពីថ្ងៃ២២ មេសា បានចាត់តាំង លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើជាប្រធាន និងមានលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ , លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមន្រ្តីជាន់ខ្ពស់២រូបផ្សេងទៀត ជាអនុប្រធាន និងសមាជិកមួយចំនួនទៀត ។
គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប មានភារកិច្ច រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ , អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ, ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធីច្បាប់ជាធរមាន, រៀបចំផែនការ និងចាត់វិធានការសមស្រប ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕



