ភ្នំពេញ ៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា បានបង្ហាញពីចំណាប់ អារម្មណ៍វិនិយោគ និងផ្គត់ផ្គង់ម្ហូបហាឡាល នៅប្រទេសកម្ពុជា និងនាំចេញផងដែរ ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក Zaheeruddin Babar Thaheem បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែរឹងមាំតាមរយៈកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម។
លោក បានថ្លែងថា «កត់សម្គាល់អំពីសក្តានុពល ក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត និងបានបញ្ជាក់ជូនអំពីការត្រៀម បន្តការងារ និងកិច្ចសហការជាមួយភាគីរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក្នុងការបង្កើតយន្តការចាំបាច់នានា សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ។ ព្រមទាំង ចំណាប់អារម្មណ៍វិនិយោគ និងផ្គត់ផ្គង់ម្ហូបហាឡាល នៅកម្ពុជា និងនាំចេញផងដែរ»។
នាឱកាសនោះ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសក្តានុពលទីផ្សារ ដែលកម្ពុជាមាន តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា និងប្រព័ន្ធអនុគ្រោះពន្ធ GSP ព្រមទាំងបានលើកទឹកចិត្តឲ្យវិស័យឯកជន រវាងភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញវិស័យធុរកិច្ច និងពាណិជ្ជកម្មកប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ៕