នយោបាយ

មេធាវីស្នើតុលាការ បញ្ឈប់ចេញដីកា បង្គាប់ឲ្យនាំខ្លួនលោក សៀម ភ្លុក តែជំនួសមកវិញ នូវដីកាបង្គាប់ឲ្យចូលខ្លួន

ភ្នំពេញ ៖ មុនការកំណត់៣ថ្ងៃ ដើម្បីនាំខ្លួនលោក សៀម ភ្លុក ទៅកាន់តុលាការដើម្បីបំភ្លឺ ករណីក្លែងបន្លំស្នាមមេដៃ លោក ជូង ជូងី ជាមេធាវីទើបស្នើសុំការពារក្តី ឲ្យលោក សៀម ភ្លុក បានស្នើទៅប្រធានសាលាដំបូង រាជធានីភ្នំពេញ បញ្ឈប់ឲ្យនាំខ្លួនឈ្មោះ សៀម ភ្លុក តាមដីការបង្គាប់ឲ្យនាំខ្លួន ដោយចេញដីកាបង្គាប់ឲ្យចូលខ្លួន ជំនួសការនាំខ្លួនវិញ ។

យោងតាមលិខិតរបស់លោកមេធាវី ជូង ជូងី នៅថ្ងៃ២២ មេសា នេះ បានឲ្យដឹងថា “សំណើសូមបញ្ឈប់ឲ្យនាំខ្លួន ឈ្មោះ សៀម ភ្លុក តាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃ៤ មេសា របស់សាលាដំបូងរាជធានីភ្នំពេញ និងចេញដីកាបង្គាប់ឲ្យចូលខ្លួន ជំនួសការនាំខ្លួនវិញ”។

ក្នុងលិខិតស្នើរបស់មេធាវីបញ្ឈប់ឲ្យចេញដីកាបង្គាប់ឲ្យនាំខ្លួននោះ ក្រោមហេតុផលថា សមត្ថកិច្ចយកដីកាទៅបិទខុសអាសយដ្ឋានរបស់លោក សៀម ភ្លុក ព្រោះផ្ទះលោក សៀម ភ្លុកមានលេខផ្ទះ ៩២E១ ផ្លូវលេខ១៩៣ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ប៉ុន្តែបែរជាសមត្ថកិច្ចបញ្ជូនដីកោះ ទៅឬស្សីកែវវិញ ដែលមិនមែនជាអាសយដ្ឋានលោក សៀម ភ្លុក ។

លោកមេធាវីថា “ចំណាត់ការរបស់ចៅក្រមស៊ើបសួរ របៀបនេះ មិនមានលក្ខណៈសមស្រប ក្នុងការអនុវត្តនីតិវិធីឡើយ”។

ទោះបីជាយ៉ាងណាលោកមេធាវី ជូង ជូងីបានអះអាងជំនួសឲ្យកូនក្តីខ្លួនថា លោក សៀម ភ្លុក នឹងចូលខ្លួនមកបំភ្លឺនៅមុខតុលាការតាមកាលកំណត់ ដោយមិនមានចេតនាគេចវេស ពីការចូលបំភ្លឺទេ ។

សូមបញ្ជាក់ថា តុលាការបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ច នាំខ្លួនលោក សៀម ភ្លុក ចូលបំភ្លឺនៅថ្ងៃ២៥ មេសាខាងមុខនេះ ពីបទបន្លំស្នាមមេដៃពលរដ្ឋ ដើម្បីបង្កើតគណបក្សបេះដូងជាតិកម្ពុជា ។ បន្ទាប់ពីបានឃើញដីការ របស់តុលាការហើយ លោក សៀម ភ្លុក ក៏បានរត់គេចខ្លួនទៅរកកន្លែងមានសុវត្ថិភាព ។
លោក សៀម ភ្លុកនិងអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិប៉ុន្មានរូបទៀត បាននាំគ្នាបង្កើតគណបក្សបេះដូងជាតិកម្ពុជា ហើយលោក សៀម ភ្លុក ក្នុងនាមជាស្ថាបនិក ចេញមុខបានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សបេះដូងជាតិកម្ពុជា ប៉ុន្តែត្រូវបានក្រសួងរកឃើញថា មានការបន្លំស្នាមមេដៃជាច្រើនពាន់ស្នាមមេដៃ ។

ក្រោយរកឃើញមានការបន្លំ ស្នាមមេដៃហើយ តុលាការបានចេញដីការឲ្យលោក សៀម ភ្លុក ចូលខ្លួនបំភ្លឺកាលពីថ្ងៃ២២ មីនា ប៉ុន្តែលោកមិនបានចូលខ្លួន តាមដីការឡើយ ទើបនៅថ្ងៃ៤ មេសា លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញចេញដីការបង្គាប់ឲ្យនាំខ្លួនមកកាន់តុលាការឲ្យ បានត្រឹមថ្ងៃ២៥ មេសា ខាងមុខ ៕

To Top