ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីឡាវ ប្រកាសគាំទ្រការបោះឆ្នោត ឃុំ-សង្កាត់ នៅកម្ពុជា នាខែមិថុនា ខាងមុខ

ភ្នំពេញ ៖ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានប្រកាសគាំទ្រការបោះឆ្នោត ឃុំ-សង្កាត់ នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ នាពេលខាង មុខនេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក ផនខាំ វីផាវ៉ាន់ បានប្ដេជ្ញាចិត្តក្នុងការអនុវត្ត អ្វីជាសេចក្តីសម្រេច ដែលបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសការបញ្ចប់នូវឯកសារមេពាក់ព័ន្ធទៅនឹងព្រំដែននៃប្រទេសទាំងពីរ។

លោក ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ ខណៈលោក បានស្នើសុំឲ្យកម្ពុជាបន្តក្នុងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក។

លោក បញ្ជាក់ថា «គាំទ្រចំពោះការបោះឆ្នោត ឃុំ-សង្កាត់ នៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនានាពេលខាងមុខនេះ»។

លោកនាយករដ្ឋមន្ដ្រីឡាវ ក៏បានស្វាគមន៍ចំពោះដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នាពេលខាងមុខទៅកាន់ប្រទេសឡាវ។

នាឱកាសនោះ លោក បានលើកឡើងថា លោកនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់ និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ។

លោក ក៏បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ ខណៈលោក រង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ហើយក្នុងនោះ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូន លោកនាយករដ្ឋមន្ត្រីឡាវ ដើម្បីឲ្យត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខនៅពេលដែល សម្ដេច អញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសឡានោះ។

សម្ដេចតេជោ ក៏បានឯកភាពហើយបានមានប្រសាសន៍ថាជារឿងដ៏ល្អណាស់ដែល លោកនាយករដ្ឋមន្ដ្រីឡាវ បានអញ្ជើញ មេបញ្ជាការកងទ័ពជើងគោក របស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

To Top