ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រុមហ៊ុនជប៉ុន តាមរយៈសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា បង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណា ជំរុញការនាំចេញវិស័យកាត់ដេរ ឲ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារ របស់ប្រទេសជប៉ុននោះ។
ការជំរុញនេះធ្វើឡើង នៅក្នុងឱកាសសម្ដេចតេជោ នាយករដ្ឋមន្រ្តីទទួលជួបពិភាក្សាការងារជាមួយ លោក Yogo KANDA អ្នកចាត់ការទូទៅ នៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី នៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ច ជប៉ុនប្រចាំកម្ពុជា នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២នេះ។
នៅក្នុងជំនួបនេះលោក Yogo KANDA បានគោរពជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់ក្រុមហ៊ុន របស់លោកនៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកមានក្រុមហ៊ុនចំនួន៣ ដែលបំបែកចេញពីក្រុមហ៊ុនធំ របស់គាត់ ដែលទីមួយ គឺក្រុមហ៊ុន MITSUBISHI Corporation ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិត និងដឹកជញ្ជូន ផលិតផលកាត់ដេរ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទី២ គឺក្រុមហ៊ុន ដែលនាំចូលនូវរថយន្តមកកាន់ទីផ្សារកម្ពុជា និងទី៣ ជាក្រុមហ៊ុនលក់តំឡើង និងជួសជុល ថែទាំជណ្ដើរយន្ត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុនសែន ពិតជារីករាយ ដែលបានជួបជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ។
សម្ដេចតេជោ បានចាត់ទុកថា ការិយាល័យរបស់ក្រុមហ៊ុនមីតស៊ុប៊ីស៊ី ដែលបានបើកនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៧ ដែលពេលនេះមានរយៈពេល២៥ ឆ្នាំហើយ ដែលមានភាពចាស់ទុំ ហើយអ្វីដែលសំខាន់ គឺមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្ដេចតេជោបានមានប្រសាសន៍ថា អ្វីដែលទីផ្សារកម្ពុជាត្រូវការ ក៏មានដូចជារថយន្ត ដូចជាជណ្តើរយន្តនេះផងដែរ ដែលក្រុមហ៊ុនកំពុងតែវិនិយោគសព្វថ្ងៃ។
ជាមួយគ្នានោះសម្តេចតេជោក៏ចង់ឃើញ ពីការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសដូចជាផលិតផលកាត់ដេរជាដើមនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែល សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ២ដង។
សម្ដេច បានមានប្រសាសន៍ ជំរុញបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណា ជំរុញការនាំចេញវិស័យកាត់ដេរ ឲ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារ របស់ប្រទេសជប៉ុននោះ៕