ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការ ប្រតិកម្មខ្លាំងៗ ចំពោះការស្ថាបនាផ្លូវជាតិលេខ២ និង២២ ដែលគ្មានគុណភាព

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជួន បានប្រតិកម្មខ្លាំងៗ ទៅនឹងក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd ក្នុងការស្ថាបនាផ្លូវជាតិលេខ២ និង២២ ដែលគ្មានគុណភាព។

ការចេញមកប្រតិកម្មខ្លាំងៗ បែបនេះបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនសាងសង់ មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យ ការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាម កិច្ចសន្យាកំណត់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «ក្រោយពីការធ្វើតេស្ត លក្ខណៈបច្ចេកទេស ជាលទ្ធផលក្រុមការងារ បច្ចេកទេសរបស់ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃផ្លូវនេះមិនមានគុណភាព ស្របតាមស្តង់ដារបច្ចេកទេស ហើយលោករដ្ឋមន្រ្តី បានដាក់កំហិត ឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញ ឱ្យបានត្រឹមត្រូវតាមសៀវភៅ កិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា «ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យ ការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ និងបានបញ្ជាក់ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាត ដើម្បីធានាគុណភាពផ្លូវនេះជាប់បានយូរ»។

ក្រោយធ្វើតេស្តរកឃើញ ភាពមិនប្រក្រតី លោក ស៊ុន ចាន់ថុល បានពន្យារពេលពេលវេលា ឱ្យក្រុមហ៊ុនសាងសង់ រហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេស ពាក់ព័ន្ធធ្វើតេស្តគុណភាព ឱ្យបានច្រើនកន្លែងថែមទៀត ចាប់ពីដើមទីរហូតដល់ចប់ ដើម្បីបញ្ជាក់ឱ្យដឹងថាផ្លូវនេះ គ្មានគុណភាពតាមអ្វី ដែលក្រសួងចង់បាន។

លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវនេះ មានការអធ្យបាស្រ័យចំពោះការអូសបន្លាយ ពេលយូរចំពោះការសាងសង់ផ្លូវនេះផងដែរ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង ២២ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារបាន៧៦,២០%។

សូមជម្រាបជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩៕

To Top