ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងអះអាងថា គ្មានការទិញទឹកចិត្តដល់សិស្ស និស្សិត និងពលរដ្ឋខ្មែររស់នៅជប៉ុន ឲ្យមកទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពេលទៅដល់ជប៉ុន កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នោះទេ ។


លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ២៤ មេសា អះអាងថា និយាយរួមអ្នកកំពុងរស់នៅជប៉ុនដែលជាប្រជាពលរដ្ឋខ្មែរនោះ ពួកគេបានចេញមកទទួលស្វាគមន៍វត្តមានសម្តេចតេជោដោយចិត្តស្មោះស្ម័គ្រ គ្មានការទិញចិត្តអ្វីនោះទេ។

លោក សុខ ឥសាន បញ្ជាក់ថា “អ្នកដែលស្មោះស្ម័គ្រនិងជឿជាក់ ទើបមកទទួលស្វាគមន៍វត្តមានសម្តេចតេជោ ។ នៅទីណាដែលសម្តេចទៅដល់(នៅជប៉ុន) អត់មានការទិញទឹកចិត្តទេ” ។

តាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី នាថ្ងៃ២៣ មេសា គឺថា “ខ្មែររស់នៅប្រទេសជប៉ុនឲ្យដឹងថា មានការរៀបចំឲ្យពលរដ្ឋខ្មែរជួបសម្តេចតេជោ ជាការប្រើលុយទិញទឹកចិត្ត និងមានការបង្ខិតបង្ខំ ឲ្យសិស្សនិស្សិតខ្មែរធ្វើវីដេអូគាំទ្រ ការបំពេញទស្សនៈរបស់សម្តេចនៅប្រទេសជប៉ុន” ។

សូមបញ្ជាក់ថា សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃ២២ មេសា បានចេញពីដំណើរពីរាជធានីភ្នំពេញ ទៅទីក្រុង Kumamuto ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី២៣មេសា ។ ពេលសម្តេចតេជោ ទៅដល់សណ្ឋាគារ Kumamoto Castle នៃទីក្រុង Kumamuto នៅរសៀលថ្ងៃ២២ មេសា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសិស្ស និស្សិត កម្មសិក្សាការី និងសហគមន៍ខ្មែរកំពុងសិក្សា ធ្វើការ និងស្នាក់នៅជប៉ុនជាង១០០នាក់។ នាឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសំដែងសេចក្តីសប្បាយរីករាយដោយបានជួបដោយផ្ទាល់ ជាមួយពួកគេយ៉ាងរីករាយ៕
