ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញាពង្រឹង កិច្ចសហការជាមួយគ្រប់តួអង្គ ពិសេសចិន ដើម្បីលុបបំបាត់ ជំងឺគ្រុនចាញ់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសចិន តាមរយៈគំនិតផ្តួតផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ខណៈកម្ពុជា រយៈពេល៤ ឆ្នាំចុងក្រោយនេះ គ្មានការស្លាប់ដោយសារជំងឺគ្រុនចាញ់។

ក្នុងពិធីខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្ដរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សម្រាប់ប្រទេសកម្ពុជា ដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ ជាង ១៧ម៉ឺន ករណី និងស្លាប់ជិត ១.០០០នាក់ នាទស្សវត្សរ៍ឆ្នាំ៨០ ។ ក្នុងឆ្នាំ២០២១ កន្លងទៅជំងឺ គ្រុនចាញ់ បានថយចុះមកនៅចំនួន ៣.៩៥៩ករណី និង គ្មានការស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹង ការលំបាកដោយសារការរីករាលដាល នៃជំងឺកូរីដ-១៩ ក៏ដោយ»។

សម្ដេចតេជោ បន្ដថា សមិទ្ធផល ដ៏ត្រចះត្រចង់នេះកើតចេញពីការអនុវត្តនូវយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១-ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានរហ័ស ,ទី២-ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្ត ដើម្បីបញ្ចៀសភាពស៊ាំរបស់ថ្នាំនេះ ,ទី៣-បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ និងទី៤- ការងារអប់រំលើកកម្ពស់សុខភាព ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា «ទន្ទឹមនេះដែរ ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិ គឺការផ្សារភ្ជាប់ដោយភាពទន់ភ្លន់ និងបត់បែន តាមយុទ្ធសាស្រ្តសកល និងតំបន់ ព្រមទាំងរៀនសូត្រដក ស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ សម្រាប់ទិសដៅទៅអនាគត, កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគំនិតផ្តួតផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមូលនិធិជំនួយសហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិន ជាដើម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត ភាពជាដៃគូដោយយកប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភពលោកគ្មានជំងឺគ្រុនចាញ់ឆ្នាំ ២០២៥៕

To Top