ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា វិស័យអប់រំ កំពុងបោះជំហានទៅរកទម្រង់ នៃការអប់រំតាមបែបឌីជីថល ហើយឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ បានសហការ និងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា ប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សាកន្លងមក និងលើកទឹកចិត្ត ឲ្យបន្ដសកម្មភាពនេះ តទៅមុខទៀត ។
លោកបញ្ជាក់ថា «ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្ពស់ ដោយបានកត់ សម្គាល់ឃើញថា វិស័យអប់រំ កំពុងបោះជំហាន ទៅរកទម្រង់ នៃការអប់រំតាមបែបឌីជីថល ដែលទម្រង់ នៃការអប់រំបែបនេះ កំពុងឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥»។
ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គភាពក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រឹះស្ថានសិក្សាគ្រប់កម្រិត លោកគ្រូ អ្នកគ្រូ បានខិតខំបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍវិស័យអប់រំ ដល់សិស្សានុសិស្ស ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
នាឱកាសនោះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានរាយការណ៍អំពីសមិទ្ធិផលការងារសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាន ក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងមក ព្រមទាំង ដំណើរការនៃការបង្រៀន និងរៀន ក្នុងបរិបទកូវីដ-១៩ ជាពិសេសដំណាក់កាល នៃកំណែទម្រង់វិស័យអប់រំ ព្រមទាំងបាឋកថាស្តីពី ការសម្រួចអាទិភាពសកម្មភាពផ្ដោតលើលទ្ធផល ដើម្បីកសាងមូល ធនមនុស្សកម្ពុជា។
លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីឆ្លើយតបទៅនឹងការសិក្សា ក្នុងគន្លងប្រក្រតីភាពថ្មី និងការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ៕