ព័ត៌មានជាតិ

Full Story ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈ នៅទូទាំងប្រទេស (Video)

ភ្នំពេញ ៖ តាមរយៈសារសំឡេងជាបន្ទាន់មួយដែលមានរយៈពេល១៦នាទី ចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា លើកលែងតែទីកន្លែងបិទជិត ។ សម្តេចក៏បានទុកលទ្ធភាពឲ្យប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯងពាក់ម៉ាស់ ឬមិនពាក់ផងដែរ ។

មុនឈានដល់ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ សម្តេចតេជោ កាលពីថ្ងៃ២៥ មេសា បានឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សាគ្នាអំពីកាតព្វកិច្ចលែងពាក់ម៉ាស់ នៅតាមទីសាធារណៈ នៅល្ងាចថ្ងៃ២៥ មេសា ថ្ងៃដដែល ដោយលទ្ធផលគឺសម្រេចការលើកលែងកាតព្វកិច្ចពាក់ម៉ាស់។

សម្តេចតេជោ តាមរយៈសារសំឡេងនាថ្ងៃ២៦ មេសានេះ បានគូសបញ្ជាក់ថា “បងប្អូនអាចជ្រើសរើស ដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាស់ នៅកន្លែងដែលចំហរ ក្រៅពីកន្លែងដែលមានការបិទជិត ។ អត្ថន័យនៃកន្លែងបិទជិត គឺសំដៅដល់បន្ទប់ប្រជុំដែលបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្តដែលមានមនុស្សនៅទីនោះ ដែលមានការបិទជិតប្រើដោយម៉ាស៊ីនត្រជាក់ ។ ប៉ុន្តែករណីមានការលំហរ ដូចជាការនៅក្នុងអគារដដែល ប៉ុន្តែមានលំហរនៅខាងក្រៅអាចដោះម៉ាស់ចេញ” ។

សម្តេចតេជោបន្តថា នៅទីតាមសាធារណៈពាក់ម៉ាស់ ឬមិនពាក់ម៉ាសជាការសម្រេចរបស់ពលរដ្ឋ តែរាជរដ្ឋាភិបាលនៅបន្តលើកទឹកចិត្តឲ្យពាក់ម៉ាស់នៅកន្លែងមានមនុស្សកុះកុញ។

សម្តេចតេជោសង្ឃឹមថា ជនរួមជាតិនឹងបានរំដោះខ្លួនចេញពីការលំបាកលើការចំណាយសម្រាប់ទិញម៉ាស់ ដោយបានយកវ៉ាក់សាំងមកជំនួសឲ្យការពាក់ម៉ាស់ ។ សម្តេចថា ក្រោយបញ្ចប់កាតព្វកិច្ចពាក់ម៉ាស់នឹងបង្កើនការសន្សំចៃរបស់ពលរដ្ឋពីការទិញម៉ាស់ មកទិញម្ហូបអាហារវិញ។ សម្តេចតេជោនៅតែទទូចឲ្យពលរដ្ឋមិនទាន់ចាក់ដូសទី៣ ត្រូវទៅចាក់ឲ្យបានគ្រប់ៗគ្នា ។

ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតនោះ សម្តេចតេជោ បាននិងកំពុងពិនិត្យលទ្ធភាព ក្នុងការចាក់វ៉ាក់សាំងដូសទី៥ ដល់ក្រុមមន្រ្តីជួរមុខកម្ពុជាបន្តទៀត ព្រោះកម្ពុជាពុំមានការខ្វះវ៉ាក់សាំងនោះទេ ។

ដើម្បីការពារសុខភាព ក្នុងករណីមានការសង្ស័យណាមួយ សម្តេចនាយករដ្ឋមន្រ្តី បានបន្តលើកទឹកឲ្យពលរដ្ឋធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ។ បើក្នុងករណីមានការសង្ស័យថា ឆ្លងកូវីដ ត្រូវដាក់ខ្លួនដាច់ដោយឡែក ដើម្បីធ្វើការព្យាបាល ។

សម្តេចតេជោបញ្ជាក់ថា “យើងបន្តឲ្យធ្វើការងារនេះ(តេស្តរហ័ស និងការព្យាបាល)តទៅទៀត ព្រោះថា បន្ទាប់ពីការដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស់ យើងត្រូវតែតាមដានដោយដិតដល់ទៅលើចំណុចទាំងឡាយដែលវាអាចឆ្លងកើតឡើង”។

អ្វីកាន់តែពិសេសទៀតនោះ សម្តេចតេជោ បានប្រកាសថា សម្រាប់ថ្ងៃទី២៥ មេសា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី តែ២នាក់ប៉ុណ្ណោះ ។ សម្តេច ហៅការឆ្លងថ្មីត្រឹមតែមនុស្ស២នាក់នេះ ជាព្រឹត្តិការណ៍មិនធ្លាប់មាន និងជាលើកដំបូងសម្រាប់រយៈពេលជាង១ឆ្នាំមកនេះ ។ សម្តេចតេជោថា សម្រាប់រាជធានីភ្នំពេញ គឺមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃ២៥ មេសា ។

ជាមួយគ្នានេះ សម្តេចតេជោអបអរសាទរចំពោះការរំដោះខ្លួនចេញពីការពាក់ម៉ាស់ ប៉ុន្តែសម្តេចនៅតែអំពាវនាវឲ្យរក្សានូវការទុកម៉ាស់នៅជាប់នឹងខ្លួន នៅពេលត្រូវចូលកន្លែងដែលត្រូវពាក់ម៉ាស់។ សម្តេចថា ក្រសួងនឹងបញ្ជាក់ពីវិធានការកន្លែងណាត្រូវពាក់ និងមិនត្រូវពាក់។

ទន្ទឹមនឹងនេះ សម្តេចតេជោថា បើតាមអង្គការសុខភាពពិភពលោក(WHO) ប្រកាសគឺមានជំងឺកូវីដប្រភេទថ្មី៣ទៀត ហើយបើ៣ប្រភេទនេះ មានលក្ខណៈកាចសាហាវនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការតម្រូវឲ្យពាក់ម៉ាស់ឡើងវិញ ឬក៏តម្រូវឲ្យធ្វើអ្វីដើម្បីការពារសុខភាពពលរដ្ឋជាចាំបាច់។

សម្តេចបន្តថា ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវត្រៀមបំរុងនូវកំលាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលកើតឡើង បន្ទាប់ពីការដោះម៉ាស់ចេញ ៕

To Top