ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាតម្កល់ទោស យុវជនជាប់ចោទម្នាក់ ជាប់គុកកំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការកាប់យុវជនម្នាក់ទៀត ក្នុងជម្លោះពាក្យសម្តី ដោយដាវសាំម៉ូរ៉ៃ បណ្តាលឲ្យរងរបួសធ្ងន់ដាច់ដៃម្ខាង ប្រព្រឹត្តនៅ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៩ ។
លោក ស៊ិន វិសាល ជាប្រធានចៅក្រមចៅក្រមជំនុំជម្រះ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានអោយដឹងថា យុវជនជាប់ចោទ រូបនេះ មានឈ្មោះ គឹម សុខ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកសិករ មានទីលំនៅ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
រីឯជនរងគ្រោះមានឈ្មោះ សេង សាល ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ក្នុងភូមិ-ឃុំជាមួយគ្នា នឹង ជនជាប់ចោទ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ
គឹម សុខ ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់គុកកំណត់ ១០ ឆ្នាំ និង បង្គាប់ឱ្យសងថ្លៃ ជម្ងឺចិត្តដល់ជនរងគ្រោះ ចំនួន ២០ លានរៀល។
ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ប៉ុនប៉ងឃាតកម្ម តាមបញ្ញាតិមាត្រា ២៧ និង ១៩៩ នៃក្រុមព្រហ្មទណ្ឌ។
តែជនជាបាប់ចោទបានប្តឹងឧទ្ទរណ៍ ។
ជនជាប់ចោទ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ នៅស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីគាត់ បានជិះម៉ូតូដេញកាប់ ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធន់ ៕
ដោយ: លីហ្សា