ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ណែនាំ ៥ចំណុច ស្តីពីការលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅតាមទីតាំង អាជីវកម្ម សេវាកម្មទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានចេញសារាចរណែនាំ ៥ចំណុច ស្តីពីការលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅតាមទីតាំង អាជីវកម្ម សេវាកម្មទេសចរណ៍។

សារាចរទាំង៥ចំណុចរួមមាន៖

១) រាជរដ្ឋាភិបាលបានសម្រេចលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅអំពីកន្លែងបិទជិត។ ដូចនេះ នៅគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ទាំងអស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ អាចជ្រើសរើស ដោយខ្លួនឯង ពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ នៅក្នុងបរិវេណទីកន្លែងសាធារណៈ និងទីកន្លែងចំហរ នានា។ ឧទាហរណ៍៖ នៅតាមរមណីយដ្ឋានធម្មជាតិនានា ដែលមិនកកកុញ ឬនៅក្នុងបរិវេណខាងក្រៅមូលដ្ឋាន អាជីវកម្មទេសចរណ៍ (សណ្ឋាគារ ភោជនីយដ្ឋាន។ល) ដែលមានខ្យល់ចេញចូល និង មិនកកកុញជាដើម។​

២) ដោយឡែកនៅក្នុងបរិវេណកន្លែងបិទជិត ដូចជា៖ បន្ទប់ប្រជុំបិទជិត មានម៉ាស៊ីនត្រជាក់ បន្ទប់ខារ៉ាអូខ ក្លឹបកម្សាន្ត បន្ទប់ម៉ាស្សា និងទីកន្លែងផ្តល់សេវាកម្មទេសចរណ៍ផ្សេងទៀត ដែលស្ថិតក្នុងទម្រង់ជាបន្ទប់ បិទជិតត្រូវបន្តអនុវត្ត ”កាតព្វកិច្ចពាក់ម៉ាស ”។

៣) រាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ ទាំងអស់នៅតែបន្តពាក់ម៉ាស់ នៅកន្លែងដែលមានមនុស្សកកកុញ ប្រមូលផ្ដុំ និងនៅទីកន្លែង ដែលមានករណី សង្ស័យជំងឺកូវីដ១៩។

៤) មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ដោយសម្រួល និងលើកលែងការអនុវត្តចំពោះ រាល់ចំណុចពាក់ព័ន្ឋនឹង “កាតព្វកិច្ចពាក់ម៉ាស់” (ទាំងចំពោះភ្ញៀវ ទាំងចំពោះបុគ្គលិក និងសាធារណជនទូទៅ ស្របតាមស្មារតីដូចមានបញ្ជាក់ ក្នុងចំណុចទី១ ទី២ និងទី៣ ខាងលើ។

៥) មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តតាមគោលការណ៍ណែនាំផ្សេងទៀតដែលបាន ដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ដើម្បីបន្តចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងជំងឺកូវីដ-១៩៕

To Top