ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់លើការនាំចូល អង្កររបស់កម្ពុជា ។
ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាថ្ងៃទី២៦ មេសានេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏ល្អប្រសើរដែលបានស្តែងឱ្យ ឃើញតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៊ីតាលី នៅក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្ម ទ្វេភាគីមានស្ថិរភាពល្អ និងបន្តកើនឡើងលំដាប់ ព្រមទាំងបានលើកទឹក ចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់ លើការនាំចូលអង្កររបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះអ៊ីតាលីផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យវប្បធម៌ ក្រោម ក្របខ័ណ្ឌអាជ្ញាធរជាតិអប្សរាតាមរយៈ ការបណ្តុះបណ្តាលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ។
ក្នុងក្របខ័ណ្ឌអាស៊ាន ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ដោយត្រួសៗអំពី សភាពការណ៍ និងការប្រឈមជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយនិងលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ព្រមទាំង ជំហានការងារនាពេលបន្ទាប់ សំដៅជំរុញការអនុវត្តការឯកភាពជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះ វិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា ព្រមទាំង បានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេល ខាងមុខ។
លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តោតការយកចិត្តទុកដាក់របស់លោកឧបនាយករដ្ឋមន្ត្រី លើបញ្ហាចែកចាយជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា។ លោក ក៏បានថ្លែង អំណរគុណចំពោះកម្ពុជាផងដែរ ដែលបានគាំទ្រអ៊ីតាលីជាដៃគូសន្ទនារបស់អាស៊ាន។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ៊ីតាលីដែលបានផ្តល់ជំនួយដល់មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយដែលជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី នូវការបន្តគាំទ្រ និងជួយឧបត្ថម្ភរបស់ប្រទេសអ៊ីតាលីចំពោះមជ្ឈមណ្ឌល ARMAC នេះ។
ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនានា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូន លោកឧបនាយករដ្ឋមន្រ្តី អំពីការដាក់បេក្ខភាពអ៊ីតាលីជាប្រទេសរៀបចំ World Expo 2030 ព្រមទាំង បានស្នើសុំការគាំទ្រពីកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកម្ពុជាផងដែរ ដែលបានគាំទ្របេក្ខភាព របស់អ៊ីតាលីនៅក្នុងស្ថាប័នជំនាញផ្សេងៗរបស់ អង្គការសហប្រជាជាតិ ៕