ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ទទួលជួបសំណេះសំណាល ជាមួយ អតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់/UNTAC

ភ្នំពេញៈ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយ លោក ឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរខួបទី ៣០ ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយ នៃការអបអរសាទរខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

ក្នុងជំនួបនេះ លោក John Sanderson បានសម្តែងនូវក្តីរីករាយ ដែលមានឱកាសមកបំពេញទស្សនកិច្ច នៅកម្ពុជា ក្នុងពេលនេះ ហើយដោយធ្លាប់បានរស់នៅ និងបំពេញការងារនៅកម្ពុជា ក្នុងសម័យកាលអ៊ុនតាក់ លោក បានកត់សម្គាល់ អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាកត្តានាំឱ្យមានការអភិវឌ្ឍរីកចម្រើន ដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ ការចូលរួមចំណែករបស់ John Sanderson នៅក្នុងកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាព សម្រាប់កម្ពុជាក្នុងសម័យកាល អ៊ុនតាក់ ដែលជាសម័យកាល ពោរពេញដោយបញ្ហាប្រឈមច្រើន។ ទាំងអស់នេះ បានក្លាយជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ នៃដំណើរការកសាង និងអភិវឌ្ឍកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។

លោក ក៏បានសម្តែងការអរគុណ ចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្ត្រាលី ដែលតែងបានជួយឧបត្ថម្ភគាំទ្រកម្ពុជា រហូតមក និងបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ និងបានសម្តែងការគាំទ្រចំពោះទស្សនៈរបស់ លោក John Sanderson អំពីសារៈសំខាន់នៃសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាមិនអាចខ្វះបាន សម្រាប់វឌ្ឍនភាពកាន់តែរុងរឿង របស់កម្ពុជាបន្តទៅមុខទៀត។

ក្រៅពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឧត្តមសេនីយ៍ឯក John Sanderson ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសាកល និងតំបន់មួយចំនួន ដែលកំពុងកើតមាន ជាអាទិ៍បញ្ហាជំងឺកូវីដ-១៩, ជម្លោះតាមតំបន់ និងការប្រែប្រួលអកាសធាតុ ជាដើម។

To Top