ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយជោគជ័យ ក៏ដូចជាការបញ្ជូនកងកម្លាំងកម្ពុជា រាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។
នេះជាការលើកឡើង របស់ឧត្ដមសេនីយ៍ឯក ចន សេនដឺសុន នៅក្នុងជំនួបជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ឯក សេនដឺសុន ក៏បានសម្តែងការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍ ដ៏ឆាប់រហ័សនៅកម្ពុជាផងដេរ។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានរំលឹកឡើងវិញ នូវសមិទ្ធផលនានាដែល UNTAC សម្រេចបាននៅកម្ពុជា ក្នុងការអនុវត្តគោលដៅសំខាន់ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមទាំងការរៀបចំការបោះឆ្នោតសកល នៅឆ្នាំ១៩៩៣ បើទោះបីជាមានការធ្វើពហិកា របស់ក្រុមខ្មែរក្រហម និងការបន្តសង្រ្គាមបែបឧទ្ទាម របស់ពួកនេះក៏ដោយ។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោយការដកចេញពីកម្ពុជារបស់ UNTAC សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញ និងស្ថិរភាពទាំងស្រុង នៅក្នុងប្រទេស នៅឆ្នាំ១៩៩៨។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការសម្រេចបាន នូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដោយមានប្រសាសន៍ថា កំណើនផលិតផលក្នុងស្រុក សរុបប្រចាំឆ្នាំ ជាមធ្យមលើសពី៧% ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក បានធ្វើឲ្យកម្ពុជាងើបចេញពី ប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥។
លោក ប្រាក់ សុខុន ក៏បានជម្រាបជូន ឧត្ដមសេនីយ៍ឯក សេនដឺសុន ផងដែរ អំពីមោទកភាព របស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេស ដែលទទួលយកកងកម្លាំងថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ទៅជាប្រទេសមួយ ដែលរហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងកម្ពុជាជាង៨ពាន់នាក់ ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមសេនីយ៍ឯក សេនដឺសុន បានសម្តែងការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរអង្វែង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ១៩៥១ មក៕