ភ្នំពេញ ៖ កម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក ព្រមទាំងដើម្បីបើកផ្លូវឲ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងឱកាសចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរាជធានីបាងកក ប្រទេសថៃ បានកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ានប្តូរវេន ព្រមទាំងតួនាទីនៅក្នុងតំបន់ជាដើម។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបទៅឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ពីស្ថានភាពកាន់តែប្រសើរឡើង ហើយស្ទើរតែដូចប្រក្រតីភាពឡើងវិញមុនការរីករាលដាលជំងឺកូវីដ១៩ ដោយផ្តោតសំខាន់ទៅលើប្រសិទ្ធភាព និងការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយបានចាត់ទុកការចាក់វ៉ាក់សាំងដើម្បីបន្ស៉ាំក្នុងសហគមន៍ ជាយុទ្ធសាស្ត្រគន្លឹះក្នុងការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។
លោក ថោង ខុន បានបញ្ជាក់ថា កម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួច ដោយតម្រូវឲ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជា ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា ។ លោកថា ស្ថានភាពនេះ មានតែកម្ពុជាទេដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ខណៈកន្លងមកកំណើនចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងកំណើនទេសចរណ៍ក្នុងស្រុកកើនឡើងផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើសុំ និងមានការឯកភាពគ្នារវាងភាគីទាំងពីរនេះ ធ្វើយ៉ាងម៉េចជំរុញឲ្យមានការហោះហើរទៅវិញទៅមក ទោះបីម៉ាល់ឌីវជាប្រទេសតូច ប៉ុន្តែជាប្រទេសសម្បូរទៅដោយកោះ ដូច្នេះថ្ងៃក្រោយអាចទៅសិក្សាយកបទពិសោធន៍ ពីការអភិវឌ្ឍកោះរបស់ម៉ាល់ឌីវ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា។
ភាគីទាំងពីរ ក៏បានឯកភាពគ្នារៀបចំឲ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខដើម្បីបើកផ្លូវឲ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យម៉ាល់ឌីវ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត នៅក្នុងឆ្នាំ២០២២ ដើម្បីគាំទ្រកម្ពុជារៀបចំកិច្ចប្រជុំនេះនៅឆ្នាំ២០២៣ ខណៈកំពុងពិភាក្សាជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា។
ជាការឆ្លើយតបឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានគាំទ្រឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទសចរណ៍ពិភពលោក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត៕