ព័ត៌មានជាតិ

២ឆ្នាំចុងក្រោយនេះ ប.ស.ស.ខេត្តស្ទឹងត្រែង​​ ផ្ដល់តាវកាលិក ដល់សមាជិក ប្រមាណជិត ៥០០នាក់ ក្នុងនោះគ្រោះថ្នាក់ការងារ១៧នាក់ និងស្ដ្រីសម្រាលកូន២២៥នាក់

ខេត្តស្ទឹងត្រែង៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងារព័ត៌មាននៃ ប.ស.ស. បានចុះទៅដល់ទឹកដី ខេត្តស្ទឹងត្រែង ដើម្បីចុះទៅផ្តិតយកទិដ្ឋភាពផ្ទាល់ ជាមួយក្រុមគ្រួសារជាសមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់ការងារ រហូតបាត់បង់ជីវិត ជាមួយនិងការទទួលបាន ធនលាភឧត្តរជីវី ព្រមទាំងស្រ្ដីសម្រាលកូន ជាសមាជិក ប.ស.ស. ក្នុងផ្នែកថែទាំសុខភាព មួយចំនួនផងដែរ។

ភរិយារបស់ជនរងគ្រោះ ហុង បូរ៉ី លោកស្រី ច្រុន ចាន់ទ្រា រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ ក្រុមការងារព័ត៌មាន ប.ស.ស. ថា៖ រូបនាងបានក្លាយជាស្រ្តីមេម៉ាយ ជាមួយនិងកូនតូចៗ ២នាក់ អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលប្តីរបស់លោកស្រី បានបាត់បង់ជីវិត នៅពេលបំពេញការងារ ជាកម្មករចំការចេក ឲ្យក្រុមហ៊ុនឯកជនមួយកន្លែង ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី ដោយសាលង់ទឹក កាលពីឆ្នាំ២០២១ កន្លងទៅ។

លោកស្រី បានបន្តទាំងអួលដើមក មកកាន់ក្រុមការងារទៀតថា៖ បើគ្មាន ប.ស.ស. ទេ លោកស្រីរួមទាំងកូនតូចៗ២នាក់ មិនដឹងជួបការលំបាកយ៉ាងណានោះទេ ទាំងដែលមិនមានប្តី នៅជាមួយនោះ ដែលលោកស្រី ត្រូវដើរតួជាមេគ្រួសារផង និងជាមេផ្ទះផង ដើម្បីបន្តក្តីសង្ឃឹមទៅមុខ និងដើម្បីកូនៗរបស់លោកស្រីផងដែរ តែពិតជាសំណាងខ្លាំងណាស់ ដែលប្តីរបស់លោកស្រីគឺជាសមាជិក ប.ស.ស. ដែល ប.ស.ស. បានផ្តល់ជូននូវប្រាក់ឧបត្ថមប្រចាំខែ (ធនលាភឧត្តរជីវី) ជូនលោកស្រី ព្រមទាំងកូនតូចៗទាំង២ របស់លោកស្រីផងដែរ។

សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនម្នាក់ទៀតគឺ លោកស្រី ប៊ុន សុវុន ជាបុគ្គលិកម្នាក់បម្រើការងារ ក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង លោកស្រីបានបង្ហាញពីក្តីរំភើប និងរីករាយយ៉ាងខ្លាំង ដែលបានក្រុមការងារ ប.ស.ស. ចុះមកដល់គេហដ្ឋានរបស់លោកស្រី។

លោកស្រីបានបញ្ជាក់បន្ថែមថា៖ លោកស្រីពិតជាអរគុណ និងដឹងគុណបំផុតចំពោះ ប.ស.ស. ដែលបានជួយសម្រួល នូវទុក្ខលំបាករបស់លោកស្រី ខណៈពេលដែលលោកស្រីសម្រាលកូន។ លោកស្រីបន្តថា៖ លោកស្រីមិនអាចសម្រាលកូន ដោយធម្មជាតិបានទេ គឺតម្រូវឲ្យមានការវះកាត់ ហើយពេលនោះបើលោកស្រី មិនមែនជាសមាជិក ប.ស.ស. មិនដឹងថាបានប្រាក់ឯណា សម្រាប់ថ្លៃមន្ទីរពេទ្យនោះទេ ទាំងដែលខ្លួន មិនមានលុយសូម្បីមួយរៀល និងជីវភាពកំពុងជួបការលំបាកទៀតនោះ។

ពាក់ព័ន្ធទៅនឹងការផ្តល់ជូន អត្ថប្រយោជន៍របបសន្តិសុខសង្គម ជាច្រើនខាងលើ ប្រធានសាខា ប.ស.ស. សាខា ខេត្តស្ទឹងត្រែង លោក ង៉ាន់ រចនា បានបញ្ជាក់ថា៖ គិតត្រឹមរយៈពេល២ឆ្នាំចុងក្រោយនេះ ខេត្តស្ទឹងត្រែង បានផ្ដល់តាវកាលិកដល់សមាជិក ប.ស.ស. ប្រមាណជិត ៥០០នាក់ ដែលក្នុងនោះមានសមាជិក ប.ស.ស. រងគ្រោះថ្នាក់ការងារចំនួន ១៧នាក់ និងស្ដ្រីសម្រាលកូន ចំនួន ២២៥នាក់ ត្រូវបានមន្ត្រី និងបុគ្គលិក ប.ស.ស. ខេត្តចុះជួយសម្របសម្រួល ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ។

ប្រធាន ប.ស.ស. សាខាខេត្តស្ទឹងត្រែង លោក ង៉ាន់ រចនា បានឲ្យដឹងទៀតថា ៖កន្លងមក ប.ស.ស. បានផ្តល់របបធានារ៉ាប់រងគ្រោះថ្នាក់ ការងាររួមមាន៖ សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាលនិងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នកថែទាំ, ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ពេលដែលឈឺមិនអាចទៅធ្វើការបាន, ផ្តល់ជូននូវឧបករណ៍ជំនួយផ្សេងៗ ប៉ុន្តែប្រសិនបើជនរងគ្រោះ រហូតដល់បាត់បង់ជីវិត ប.ស.ស. នឹងផ្តល់តាវកាលិកឧត្តរជីវី(ប្រាក់ឧបត្ថម្ភ) ដល់សិទ្ធិវន្ត (ជននៅក្នុងបន្ទុក នៃគ្រួសារជនរងគ្រោះ) ។

នេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋជាកម្មករនិយោជិត៕

To Top