ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ សំណូមពរពលរដ្ឋប្ដូរ ឬពន្យារបណ្ណបើកបរ ឲ្យស្របតាមច្បាប់ ជៀសវាងផាកពិន័យ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរប្រជាពលរដ្ឋ មានបណ្ណបើកបរផុតសុពលភាព មកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឲ្យស្របតាមច្បាប់ ជៀសវាងការផាកពិន័យ។

ក្នុងពិធីសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ស្ថិតនៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងជំរុញការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែជិតស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា «សំណូមពរទៅបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុត សុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឲ្យស្រប ច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ»។

លោកបន្ដថា ក្រសួងសាធារណការ បានបង្កើតមណ្ឌលផ្ដល់សេវាប្រភេទនេះ ក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា គ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ សម្រាប់សេវាប្ដូរ ឬពន្យារបណ្ណបើកបរ។

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី នៅទីតាំងមួយចំនួនតាមបណ្តារាជធានី-ខេត្ត ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឲ្យមានការប្រើប្រាស់យានយន្តអគ្គិសនីពីសំណាក់សាធារណៈទូទៅ និងកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើងស្ថានីយបញ្ចូលថាមពល អគ្គិសនីឲ្យបានច្រើនថែមទៀត៕

To Top