ព័ត៌មានជាតិ

អតីតមេបញ្ជាការ UNTAC ៖ កម្ពុជា មានការផ្លាស់ប្ដូរដ៏អស្ចារ្យ ពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍដ៏ស្រស់បំព្រង

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, ឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការ របស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (UNTAC) បានថ្លែងថា កម្ពុជា មានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍ ដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់កម្ពុជា។

នាឱកាសជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ចនសេន ដឺសុន បានបញ្ជាក់ថា «កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់កម្ពុជា នៅទូទាំងប្រទេស។

លោកបន្ថែមថា ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ រដ្ឋាភិបាលអូស្ត្រាលី បានចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិមុនគេ ។

សម្ដេចតេជោបន្ដថា អូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ៕

To Top