ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាមិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាមកូវីដ-១៩ នៅឡើយទាំងស្រុងនោះទេ ព្រោះមិនទាន់មានប្រទេសណាមួយដែលគ្មានការឆ្លងជំងឺកូវីដ-១៩។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា ទោះបីកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង ប៉ុន្ដែលើកចិត្តឲ្យមានការពាក់ម៉ាស់។
សម្ដេចតេជោ មានប្រសាសន៍ថា «អ្វីទៅដែលហៅថា ៣កុំ ៣ការពារ ហើយបើ ៣កុំ ៣ការពារ ក្នុងនោះកុំពាក់ម៉ាស់ គឺជាបញ្ហាទីមួយត្រូវបានដក ប៉ុន្ដែសូមបញ្ជាក់ថា ខ្ញុំតែចាត់ទុកថា ៣កុំ ៣ការពារ នៅជាវិធានការចាំបាច់»។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ បានពាក់ម៉ាស់ ខណៈ សម្ដេច សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៦០ភាគរយ បានបន្ដពាក់ម៉ាស់ នៅពេលធ្វើដំណើរតាមដងផ្លូវ។ សម្ដេចចាត់ទុកថា ទាំងនេះជាចំណុចល្អ មិនមែនមិនពាក់ម៉ាស់ជាការគោរព សម្ដេចឡើយ ហើយសម្ដេច លើកទឹកចិត្តឲ្យបន្ដពាក់ម៉ាស់។
សម្ដេចតេជោបន្ដថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ សម្ដេច ថា កម្ពុជាមិនទាន់យកឈ្នះសង្គ្រាមកូវីដ-១៩ ទាំងអស់ឡើយ គ្រាន់តែយកឈ្នះបញ្ហាតូចៗ នោះឯង។ ដូច្នេះវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ ត្រូវធ្វើបន្ដ។
សម្ដេចតេជោបញ្ជាក់ថា «យើងមិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាមនេះទេ (សង្គ្រាមកូវីដ) ដោយសារអី? នៅលើពិភពលោក មិនទាន់មានប្រទេសណាមួយ ដែលគ្មានការឆ្លងនៅឡើយទេ លើកលែងកូរ៉េខាងជើង ដែលយើងមិនអាចដឹងបាន តើថាមាន ឬអត់? ប៉ុន្ដែប្រទេសនៅលើពិភពលោកនៅមាននៅឡើយ បើមានកូវីដនៅឡើយ លទ្ធភាពនៃការបន្ដមានកូវីដនៅក្នុងប្រទេសយើង ក៏នៅមានបន្ដដែរ»។
សម្ដេចតេជោបន្ថែមថា កម្ពុជាបានធ្វើតាមដំណាក់កាលនីមួយៗ នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ទោះកម្ពុជា បានដកកាតព្វកិច្ចពាក់ម៉ាស់។ សម្ដេចក៏ណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយភាគីពាក់ព័ន្ធត្រូវបន្ដតាមដោយប្រុងប្រយ័ត្នបំផុតចំពោះបញ្ហាជំងឺកូវីដ-១៩៕