ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម ថា កម្ពុជាបន្តពង្រឹង ពង្រីកកិច្ចសហប្រតិការ ជាមួយរដ្ឋាភិបាលចិន ដើម្បីជួយដល់កសិករ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តពង្រឹងពង្រីកកិច្ចសហប្រតិការជាមួយរដ្ឋាភិបាលចិន ដើម្បីជួយដល់កសិករកម្ពុជា ។ នេះបើតាមលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម។

លោកបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការរៀបចំប្រជុំក្រុមការងារកិច្ចសហប្រតិបត្ដិការអន្ដរជាតិលើវិស័យកសិកម្ម រវាងកម្ពុជា-ចិន លើកទី៤ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធ Online។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ដែលបានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្នុងនាមជាម្ចាស់ផ្ទះ អមដោយថ្នាក់ដឹកនាំ តំណាងអង្គភាព និងនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីភាគីចិន ដឹកនាំដោយ លោក Ma Youxiang អនុរដ្ឋមន្រ្ដីនៃក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណៈរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា ភាគីទាំងសងបាន ធ្វើបទបង្ហាញលើការពិនិត្យឡើងវិញ នៃកិច្ចសហប្រតិបត្តិការ កសិកម្មទ្វេភាគីចាប់តាំងពីឆ្នាំ ២០១៥ រួមទាំងដំណើរការនៃគម្រោងសំខាន់ៗនានា។

ក្នុងនោះដែរ ភាគីកម្ពុជា បានបង្ហាញពីក្ដីកង្វល់ ចំណាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការកសិកម្មនាពេលអនាគត រួមមានៈ SPS, បសុសត្វ, កៅស៊ូធម្មជាតិ, ជលផល និងការកសាងសម្ថតភាពមន្ទីរពិសោធន៍។ បន្ថែមពីនេះ ភាគីចិនក៏បានបង្ហាញពីក្ដីកង្វល់ ចំណាប់អារម្មណ៍ អំពីកិច្ចសហប្រតិបត្តិការកសិកម្មនាពេលអនាគត ដែលរួមមានៈ (1)គម្រោងផែនការកសិកម្មទំនើបសម្រាប់កម្ពុជា (2)កិច្ចសហប្រតិបត្តិការលើថ្នាំពេទ្យសត្វ វ៉ាក់សាំងបសុពេទ្យ និងសារធាតុបន្ថែមចំណី និងទី (3)កិច្ចសហប្រតិបត្ដិការ Digital។

បន្ទាប់ពីកិច្ចប្រជុំ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងភាគីកម្ពុជា និង លោក Ma Youxiang អនុរដ្ឋមន្រ្ដីនៃក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណៈរដ្ឋប្រជាមានិតចិន តំណាងភាគីចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយកយល់គ្នា (MOU) លើកិច្ចសហប្រតិបត្ដិការឧស្សាហកម្មដំណាំចេក៕

(អត្ថបទ ៖ វិទ្យុមិត្តភាពកម្ពុជា -ចិន)

To Top