ព័ត៌មានជាតិ

សម្តេចតេជោ ផ្តាំកីឡាករ-កីឡាការិនី ចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម កុំប្រើសារធាតុជំនួយកម្លាំង ខុសវិន័យកីឡា នាំឲ្យខូចឈ្មោះជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់កីឡាករកីឡាការិនី និងអត្តពលិកទាំងអស់ ក្នុងវេទិកាជួបសំណេះសំណាល មុនចេញទៅប្រកួត ស៊ីហ្គេម នៅប្រទេសវៀតណាមថា កុំចង់ប្រើប្រាស់ថ្នាំជំនួយកម្លាំងដែលផ្ទុយពីច្បាប់ ដែលនាំឲ្យអាប់អោន និងខូចកេរ្តិ៍ឈ្មោះដល់អ្នកដទៃ និងកិត្តិយសដល់ជាតិផងដែរ ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា “ជាលើកដំបូងដែលយើងបញ្ជូនកីឡា ក្នុងកម្រិតទ្រង់ទ្រាយធំទៅធ្វើការប្រកួត ដែលនេះក៏ជាការប្រកួតមួយចុងក្រោយ មុនពេលដែលយើងឈានចូលទៅធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ។ សម្រាប់ការប្រកួតលើកនេះ សង្ឃឹមថា អ្នកដឹកនាំរបស់យើង ក៏ដូចជាកីឡាករ កីឡាការិនីរបស់យើង នឹងធ្វើការដកពិសោធន៍ រៀនសូត្រ នៅទីនោះ ដើម្បីយើងចាត់ចែងធ្វើម្ចាស់ផ្ទះឲ្យបានសមស្រប ។ ពិតមែនហើយ យើងបានសិក្សាជាលំដាប់ តៗគ្នារហូតមកដែលប្រទេសណាចាត់ចែងយ៉ាងម៉េច ចាត់ចែងយ៉ាងម៉េស ដល់តែយើងចាត់ចែង ក៏យើងត្រូវធ្វើយ៉ាងម៉េចឲ្យបានល្អដូចគេ បើបានល្អលើសគេទៀត ក៏កាន់តែល្អ” ។

ក្នុងនោះសម្តេចតេជោ បានណែនាំទៅកាន់ កីឡាករ កីឡាការិនី និងអត្តពលិកទាំងអស់ មុនចេញទៅប្រកួត ត្រូវតែខិតខំប្រឹងប្រែងដោយសមត្ថភាពរបស់ខ្លួន ពុំត្រូវប្រព្រឹត្តិខុសវិន័យ ឬបទបញ្ញត្តិណាមួយ នៃការប្រកួតនោះឡើយ

សម្តេចតេជោ មានប្រសាសន៍ថា “ត្រូវជៀសវាងឲ្យបាននូវការប្រើប្រាស់សារធាតុ អ្វីដែលអាចជាសារធាតុប៉ូវកម្លាំង ដែលត្រូវបានហាមឃាត់ ដោយផ្នែកកីឡា ។ នេះជាចំណុចពិសេស និងភាពថ្លៃថ្នូរ របស់ប្រទេស ។ ក្មួយៗ ជាកីឡាករ កីឡាការិនី ត្រូវដឹងឲ្យច្បាស់ថា ការទៅប្រកួតនេះ គឺកាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទៅជាមួយ ដូច្នេះក្មួយៗត្រូវតែដឹងថា នៅជាប់នឹងខ្លួនក្មួយ មានតួអង្គព្រះមហាក្សត្រ មានតួអង្គ នីតិបញ្ញតិ រដ្ឋសភា ព្រឹទ្ធសភា មានតួអង្គនីតិប្រតិបត្តិ ជាពិសេសមានប្រជាជនជិត១៧លាននាក់ដែលនៅជាមួយនឹងក្មួយៗ កិត្តិយស និងសេចក្តីថ្លៃថ្នូរវាសំខាន់ណាស់ សម្រាប់ប្រទេសជាតិរបស់យើង ដូច្នេះឲ្យកុំមានអាសារធាតុគ្រឿងញៀននេះ គ្រឿងលើកកម្លាំងនេះ ត្រូវបានហាមដាច់ខាត”។

សម្តេចតេជោបន្តថា “ការប្រកួតអាចមានការថ្លោះធ្លោយ ដោយអចេតនា ប៉ុន្តែសម្រាប់ការប្រើប្រាស់សារធាតុញៀន គឺសារធាតុលើកកម្លាំងដែលខុសពីបំរាម គឺជាចេតនាពិតប្រាកដ ដូច្នេះបើមានកំហុសនេះ វាជារឿងអាសោច សម្រាប់មុខមាត់ប្រទេសជាតិរបស់យើង ដែលមិនត្រូវឲ្យមានទេរឿងនេះ កើតឡើងជាដាច់ខាត នៅក្នុងចំណោមកីឡារបស់យើង បើទោះបីជាដាក់ចេញគោលដៅយ៉ាងម៉េចក៏ដោយ ថាត្រូវយកមេដាយមាសឲ្យបានប៉ុណ្ណេះ មេដាយប្រាក់ឲ្យបានប៉ុណ្ណេះ ដាក់ប៉ុន្មានដាក់ទៅ ប៉ុន្តែបើសិនជាថា មានខូចអាហ្នឹងមួយហើយ កីឡាប៉ុន្មានទៀត គឺវាត្រូវបាត់បង់មុខមាត់ ប្រទេសជាតិតែម្តង” ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ដូច្នេះខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់បំផុត ទៅលើបញ្ហាវិន័យនៃកីឡា ដែលក្នុងនោះបញ្ហាសារធាតុ នៃការលើកកម្លាំងខុសរបៀប ខុសបទបញ្ញត្តិ ត្រូវតែបានធានាថា គ្មាននៅក្នុងចំណោមកីឡារបស់យើង ហើយអារឿងការលេង ក៏ត្រូវតែគោរពបទបញ្ញត្តិ នៃវិញ្ញាសារនៃការប្រកួត” ។

គួរឲ្យដឹងថា ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន៤០ប្រភេទ និង៥២៦វិញ្ញាសាប្រកួត។ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួត ជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ មានចំនួន១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនី សរុប ៧,១១៥នាក់ និងអ្នកស្ម័គ្រចិត្ត បម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំ នៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា ។

កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជាដែលត្រូវបានរៀបចំជ្រើសរើស ដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ លើស្មារតីតម្លាភាព និងកម្រិតគុណផល កីឡាខ្ពស់ជាងគេ មានសរុប៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន៤៥នាក់, កីឡាករ-កីឡាការិនី ចំនួន៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន២១នាក់៕

To Top