ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះ មានតែវិស័យកីឡាទេ ដែលមានស្ដង់ដាររួម កុំនិយាយស្ដង់ដារអន្តរជាតិ លើលទ្ធិប្រជាធិបតេយ្យ លើសិទ្ធិមនុស្ស លើបញ្ហានេះបញ្ហានោះ គ្មានទេ។ ក្នុងន័យនេះ សម្ដេចតេជោ ចង់សំដៅទៅលើដំណើរការប្រជាធិបតេយ្យ នៃប្រទេសនីមួយៗ ដែលមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ឬនាយករដ្ឋមន្រ្តី ពីសំណាក់ប្រជាពលរដ្ឋរបស់ខ្លួន។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោបានបញ្ជាក់ថា មានតែក្នុងវិស័យកីឡាហ្នឹងទេ ប៉ុន្តែស្ដង់ដារលើបញ្ហានយោបាយ លើបញ្ហាគ្រប់គ្រង លើផែនការ បែបផែនប្រជាធិបតេយ្យ សិទ្ធិមនុស្ស គឺវាអត់មានស្ដង់ដារអន្តរជាតិ នោះទេ។
ក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកយកស្ដង់ដារ នៃប្រទេសបិតាប្រជាធិបតេយ្យចំនួន២ មកធ្វើជាឧទាហរណ៍ផងដែរថា «យើងពិនិត្យមើលតែប៉ុណ្ណេះទៅបានហើយ ខ្ញុំនិយាយពីប្រទេសដែលហៅថា បិតាប្រជាធិបតេយ្យទៅចុះ គេអនុវត្តន៍ស្ដង់ដារខុសគ្នា ឧទាហរណ៍នៅសហរដ្ឋអាមេរិក មានប្រជាជនគាំទ្រត្រឹមតែ៤០ភាគរយ ឬក្រោម៤០ភាគរយ អាចធ្វើប្រជាធានាធិបតីបានហើយ មូលហេតុអី? ប៉ុន្តែប្រជាធិបតេយ្យនៅបារាំង ដែលទើបនឹងបោះឆ្នោតហើយថ្មីៗនេះ បើគ្រប់ ឬលើស៥០ភាគរយនោះទេ គឺមិនអាចធ្វើប្រធានាធិបតីបានទេ»។
សម្ដេចតេជោបន្ថែមថា អីចឹងគ្រាន់តែលើកឡើងនូវចំណុចនេះ គឺបង្ហាញច្បាស់អំពីប្រជាធិបតេយ្យ វាដំណើរការអត់ដូចគា្នទេ ពីប្រទេសមួយទៅកាន់ប្រទេសមួយ ប៉ុន្តែគេហៅថាប្រភេទប្រជាធិបតេយ្យដូចគ្នា ។
សម្ដេចបញ្ជាក់ថា «ចឹងដំណើរការប្រជាធិបតេយ្យវាមិនដូចគ្នាទេ ប្រទេសខ្លះកាន់យករបបប្រធានាធិបតី ប្រទេសខ្លះប្រកាន់យករបបសភា ចឹងទោះបីជារបបប្រធានាធិបតីឬសភាក៏ដោយ ក៏គេហៅបែបប្រជាធិបតេយ្យដូចគ្នា តែវាមិនមែនជាស្ដង់ដាតែមួយនោះទេ»។
ជាមួយគ្នានេះ សម្ដេចក៏បានផ្ដាំទៅកាន់ក្រុមអ្នកវិភាគមួយចំនួនយល់ឲ្យច្បាស់អំពី អ្វីទៅជារបបប្រធានាធិបតី និងរបបសភា។
សម្ដេចតេជោ ផ្ដាំថា«ចង់ដឹងអំណាចនៅកន្លែងណា ត្រូវដឹងពីរបបនៃប្រទេសនោះ របបប្រធានាធិបតី អំណាចនៅលើប្រធានាធបតី របបសភាអំណាចស្ថិតនៅលើនាយករដ្ឋមន្រ្តី» ។
សម្ដេចបន្ថែមថា ពិតហើយនៅពេលខាងមុខនេះ មានតម្រូវការដូចៗគ្នាមួយចំនួន ដូចជាការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាពសាធារណៈអាចក្លាយជាស្ដង់ដាររួម ប៉ុន្តែនៅមានបញ្ហានៅឡើង។
សម្ដេចលើឧទាហរណ៍ថា អឺរ៉ុបចោទ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីថា កាប់ព្រៃច្រើនពេកទៅដាំដូងប្រេង ចឹងគេគម្រាមកុំទិញប្រេងដូង ពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ប៉ុន្តែខាងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ប្រាប់ទៅវិញថា កាប់ព្រៃដែលមិនផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ច តែដាំដូងប្រេងជំនួសវិញ វាទៅជាព្រៃដែរ។
សម្ដេចបញ្ជាក់ថា «នេះគេហៅថាពិភពលោកដ៏ច្របូកច្របល់ ដោយសារតែការបកស្រាយខុសគ្នានិងការមិនយល់គ្នា ឬក៏ខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងជួបនូវវិបត្តិ ដោយសារកូវីដ១៩ និងបញ្ហាអន្តរជាតិផ្សេងៗមួយចំនួនទៀត»៕