ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឲ្យថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករ កីឡាការិនី អនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រើប្រាស់ម៉ាស់ N95 ធានាដល់ការទៅចូលរួម ប្រកួតស៊ីហ្គេមនៅវៀតណាម ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នាថ្ងៃទី២៨ មេសានេះ សម្ដេចតេជោបានមានប្រសាសន៍ថា នៅក្នុងពេលដែលអ្នកទាំងអស់គ្នា ធ្វើដំណើរទៅកាន់វៀតណាម ត្រូវតែប្រុងប្រយ័ត្ន លើបញ្ហាសុខាភាព និងស្ដាប់តាមការណែនាំរបស់ថ្នាក់នាំ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យលោក ថោង ខុន ត្រួតពិនិត្យមើលឲ្យច្បាស់ ពីបញ្ហាការពាក់ម៉ាស់ពេលទៅចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាម ។
សម្ដេចតេជោបញ្ជាក់ថា «ម៉ាស់មានច្រើនប្រភេទ ម៉ាស់សម្រាប់ទប់ទល់ស្ថានភាពខ្លាំង ខ្ញុំគិតថា N95 ដែលខ្ញុំប្រើនេះជាម៉ាស់ពេទ្យ ទោះបីវាថ្លៃបន្តិច ប៉ុន្តែគួរតែឲ្យបងប្អូនយើងប្រើអាហ្នឹង ទិញសម្រាប់ឲ្យកីឡាករ កីឡាការិនី របស់យើងសម្រាប់ប្រើប្រាស់ នៅពេលទៅប្រកួត» ។

សម្ដេចតេជោបន្ថែមថា ការប្រើប្រាស់មិនមានស្ដង់ដារ ដូចៗគ្នាទេ ។ សម្ដេចក៏បានបញ្ជាឲ្យរៀបចំឲ្យកីឡាករ កីឡាការិនី ប្រើប្រាស់ម៉ាស់ប្រភេទ N95 ទាំងអស់គ្នា ព្រោះម៉ាស់នេះមានសមត្ថភាពការពារខ្ពស់ ។
សម្ដេចតេជោសង្កត់ធ្ងន់ថា «ដើម្បីធានាថា យើងមិនមានកូវីដ ដែលត្រូវផ្អាកមិនឲ្យចូលប្រកួត ឲ្យតែចាប់ផ្ដើមតេស្ត រកឃើញកូវីដហើយ គឺគេមិនឲ្យចូលប្រកួតទេ» ។
សម្ដេចតេជោ ក៏បានណែនាំឲ្យយកចិត្តទុកដាក់ ចំពោះសុខុមាភាព កីឡាករ កីឡាការិនី ។ សម្ដេចថា សម្ដេចមិនមានអនុសាសន៍អ្វី ក្រៅតែពីការផ្ដាំផ្ញើឲ្យថែទាំសុខាភាព និងការគោរពវិន័យកីឡា ហើយរក្សានូវភាពថ្លៃថ្នូរ សម្រាប់ប្រទេសជាតិ ៕
