ព័ត៌មានជាតិ

ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន លោក សៀម ភ្លុក នៅក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងការក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សបេះដូងជាតិ (Video)

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកលិ សុខា កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២នេះ បានចាប់ និង បង្គាប់ឱ្យឃុំខ្លួន ឈ្មោះ សៀម ភ្លុក ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជា តំណាងស្ថាបនិក នៃ គណបក្សបេះដូងជាតិ និង បញ្ជូនខ្លួនគាត់ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ “ម១” (គុកព្រៃស) ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំ និង ប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សបេះដូងជាតិ ប្រព្រឹត្តក្នុងកំឡុងឆ្នាំ ២០២១។

យោងតាមដីការបស់លោកចៅក្រមស៊ើបសួរ លិ សុខា ចុះកាលបរិច្ឆេទ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ បានឱ្យដឹងថា ជនត្រូវចោទ ឈ្មោះ សៀម ភ្លុក មានទីលំនៅ នៅផ្ទះលេខ ៩២E១ ផ្លូវ១៦៣ ភូមិ៤ សង្តាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបាន តំណាងអយ្យការចោទប្រកាន់ ពីបទក្លែងបន្លំ និង បទប្រើប្រាស់លិខិតក្លែង តាមមាត្រា៦២៦, មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ។

យោងតាមមាត្រាខាងលើនេះ, លោកភ្លុកអាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេលពី ៦ខែ រហូតដល់ ៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពីពិរុទ្ធភាព។

គួររំលឹកថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាស ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។

ហើយបច្ចុប្បន្ននេះ, លោកបានចូលរួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន ដែលដឹកនាំដោយ លោក ថាច់សេដ្ឋា៕

ដោយ: លីហ្សា

To Top