ព័ត៌មានជាតិ

សម្ដេចតេជោ៖ បើផលប៉ះពាល់មិនធំហួស នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល នឹងមានលទ្ធភាពដំឡើងប្រាក់ខែ ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តាមការព្យាករណ៍សេដ្ឋកិច្ច បើសិនជាផលប៉ះពាល់មិនធំហួស បណ្ដាលមកពីកូវីដ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទេនោះ រាជរដ្ឋាភិបាលនឹងមានលទ្ធភាព ដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៣ ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ មេសានេះ សម្តេចតេជោបានសូមអភ័យទោសចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលរយៈពេល ២ឆ្នាំកន្លងមកនេះ មិនបានដំឡើងប្រាក់បៀវត្សរ៍ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តាមការព្យាករណ៍សេដ្ឋកិច្ច បើសិនជាផលប៉ះពាល់ វាមិនធំហួស បណ្ដាលមកពីកូវីដ និងបណ្ដាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទេនោះ លទ្ធភាពដំឡើងប្រាក់បៀវត្សរ៍ សម្រាប់ឆ្នាំ២០២៣ គឺមាន គ្រាន់តែទំហំប៉ុណ្ណាគឺ យើងចាំគិតគ្នាក្រោយ ព្រោះម្សិលមិញខ្ញុំបាននិយាយហើយ ឯកឧត្ដម គង់ វិបុល បានផ្ញើសារឲ្យខ្ញុំថា ចំណូលគិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ចំណូលពន្ធដារសម្រេចបាន ៥៣% រួចស្រេចទីហើយ» ។

សម្ដេចតេជោបន្ថែមថា រយៈពេល៤ខែ ឆ្នាំនេះចំណូលពន្ធដារសម្រេច ៥៣% ខណៈឆ្នាំទៅពន្ធដារសម្រេចលើសផែកការរហូតដល់ ១២៤% ។ សម្ដេចថា “ឆ្នាំនេះបើល្បឿននៃប្រាក់ចំណូលប្រមូលបានខ្ពស់ នឹងអាចផ្ដល់ឱកាសឲ្យបន្ថូរបន្ថយនូវភាពតានតឹង ហើយបង្កើនជំនួយឧបត្ថម្ភ ដែលកំពុងតែចាយ១ឆ្នាំ៤០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ឬស្មើជិត ៣លាននាក់ កុំឲ្យធ្លាក់ចុះក្រោមបន្ទាត់ភាពក្រីក្រ ក្នុងដំណាក់កាលកូវីដ” ៕

To Top