ព័ត៌មានជាតិ

ក្បួនរថយន្តធុនយក្ស ៦គ្រឿង ដឹកទំនិញគេចពន្ធ ទៅប្រទេសវៀតណាម តាមប៉ុស្ត៍ព្រំដែនជប់ព្រីង ស្រុកកំពង់រោទ៌

ស្វាយរៀង៖ មានរថយន្តដឹកទំនិញធុនយក្ស ៦គ្រឿង ដឹកទំនិញគេចពន្ធ «សង្ស័យគ្រឿងអេឡិចត្រូនិច» ត្រូវក្រុមឈ្មួញដឹកចេញតាមស្លាបស្តាំ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ត្រង់ចំណុចប្រឡាយទាហ៊ាន ឆ្ពោះទៅប៉ុស្ត៍ព្រំដែនជប់ព្រីងចម្ងាយប្រមាណជាង ១,០០០ម៉ែត្រ (ទំនប់ប្រឡាយថ្មី) ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីរថយន្តធុនយក្ស ដឹកទំនិញគេចពន្ធឆ្លងដែន ទៅប្រទេសវៀតណាមនេះកើតឡើង នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែមេសា ២០២២ នៅចំណុចប៉ុស្ត៍ព្រំដែនទំនប់ប្រឡាយថ្មី ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌។

ប្រភពបន្តថា រថយន្តដឹកទំនិញគេចពន្ធក្នុងចំណោម ៧គ្រឿង ទី១ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខស្វាយរៀង 3A9099 -ទី២ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3A-9974 ទី៣ ស្វាយរៀង3A-8088 ភ្នំពេញ 3A3916 ហើយចំនួន ២គ្រឿងផ្សេងទៀត មិនអាចផ្តិតយកស្លាកលេខបាន។

បើតាមប្រភពប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញដឹកទំនិញគេចពន្ធ តាមរថយន្តធុនយក្សទាំងនេះ គឺបានធ្វើការនាំទំនិញចេញទៅ ប្រទេសវៀតណាម កន្លះខែមកហើយ គឺឃើញមានសមត្ថកិច្ចជាច្រើនស្ថាបន័ មកយកប្រាក់ពីឈ្មួញ សង្ស័យត្រូវដងត្រូវផ្លែគ្នាជាមួយឈ្មួញ។

ទាក់ទិនករនេះដែរ មិនអាចសុំការបំភ្លឺ ពីមន្ត្រីនគបាលប៉ុស្ត៍ព្រំដែន ជប់ព្រីងប្រឡាយដីថ្មីបានទេ មកដល់ព្រឹកថ្ងៃទី២៨ មេសា ២០២២នេះ។

រីឯលោកវរៈសេនីយ៍ រស់ ភឿន នាយប៉ុស្ត៍វរៈព្រំដែនសំយ៉ោង បានប្រាប់អ្នកសារព័ត៌មានយើងថា ការដែលឈ្មួញដឹកទំនិញគេចពន្ធនេះ គឺពុំមែនក្នុងដែនដីលោកគ្រប់គ្រងទេ គឺជាស្លាបស្តាំរបស់ច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្ល៍ ។

ទាក់ទិនករណីនេះដែរ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ចាន់ តារា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ បានទេរហូតមកដល់ព្រឹកថ្ងៃទី២៨ មេសានេះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top