នយោបាយ

គណបក្សកម្ពុជានិយម ជួបប្រទះបញ្ហានៅតាមឃុំ-សង្កាត់ជាច្រើន ពិសេសការមិនឲ្យលើកស្លាកបក្ស

ភ្នំពេញ៖ មន្រ្តីម្នាក់របស់ គណបក្សកម្ពុជានិយមបានបង្ហើបថា គណបក្សបានជួបបញ្ហាប្រឈម ជាច្រើននៅតាមឃុំ-សង្កាត់ ជាពិសេសការមិនអនុញ្ញាតឲ្យ មានការលើកស្លាកគណបក្ស នៅតាមមូលដ្ឋាន។

មន្រ្តីដដែលបានឲ្យដឹង កាលពីថ្ងៃ២៧ មេសា ថា នាពេលថ្មីៗនេះ គណបក្សកម្ពុជានិយម បានជួបប្រទះនូវបញ្ហាតាមឃុំ-សង្កាត់ជាច្រើន ក្នុងមូលដ្ឋានដែលមាន សមាជិករបស់គណបក្សនៅទីនោះ ។

លោកបន្តថា “ក្នុងនោះគណបក្សបានស្នើសុំ លើកស្លាកគណបក្សនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ តែត្រូវបានលោកចៅសង្កាត់ មិនបានអនុញ្ញាត ដោយបានជូនពាក្យថា ទៅជួបមេទៅ (ខណ្ឌដង្កោ) គណបក្សបានសុំហេតុផលរបស់ លោកចៅសង្កាត់អំពីការមិនអនុញ្ញាតឲ្យលើកស្លាក តែលោកចៅសង្កាត់នៅតែ ជូនពាក្យឲ្យទៅជួបមេដដែល បើទោះបីទីតាំងដែលលើកមានស្លាកគណបក្សផ្សេងក៏ដោយ” ។

លោកថា ដោយមិនមានហេតុផល គណបក្សកម្ពុជានិយមបានសរសេរលិខិត សុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ អំពីការមិនអនុញ្ញាតឲ្យលើកស្លាក តែមកដល់ពេលនេះមិនទាន់ទទួល បានចំណាត់ការណាមួយនៅឡើយ ដូចនេះគណបក្សបានចាត់ទុករឿងនេះ ជារឿងរើសអើងនយោបាយ មិនស្មើភាពគ្នាក្នុងការប្រកួតប្រជែងឡើយ។

សូមបញ្ជាក់ថា គណបក្សកម្ពុជានិយមដែលមានលោក យ៉ែម ប៉ុញ្ញឬទ្ធិ ជាប្រធាន ត្រូវបានក្រសួងមហាផ្ទៃប្រកាស ទទួលស្គាល់កាលពីប៉ុន្មានខែមុន ហើយឲ្យធ្វើសកម្មភាពនយោបាយនានា ៕

To Top