ភ្នំពេញ៖ ក្រុមអ្នកជំនាញស្រាវជ្រាវ សត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងអង្គការ WWF បានបញ្ជាក់ពីការប្រទះឃើញវត្តមាន សត្វខ្លារខិនញី១ក្បាល ព្រមទាំងពពួកសត្វក្រចកជើងចំពាម រួមមានសត្វប្រើស ជ្រូកព្រៃ ឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាម ។
ក្រសួងបរិស្ថាន បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី២៨ មេសាយ៉ាងដូច្នេះថា «យើងរួមគ្នាការពារសត្វព្រៃកម្ពុជា ដែលមានតម្លៃវិសេស វិសាលជាសកល! ក្រុមអ្នកជំនាញស្រាវជ្រាវ សត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងអង្គការ WWF មានក្តីរំភើបជាខ្លាំង ខណៈពួកគេបានផ្តល់សេចក្តីរាយការណ៍ពីលទ្ធផល នៃការតាមដានសត្វព្រៃនៅក្នុងតំបន់ ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ត្រឹមខែមេសានេះ ដោយបានបញ្ជាក់ពីវត្តមានរបស់សត្វខ្លារខិនញី១ក្បាល តាមរយៈរូបថតដ៏កម្រដែលថត ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ លទ្ធផលនៃការតាមដានសត្វព្រៃ ក៏បានបង្ហាញផងដែរពីវត្តមាន នៃពពួកសត្វក្រចកជើងចំពាម រួមមានសត្វប្រើសដែលជាប្រភេទសត្វកម្រសត្វជ្រូកព្រៃ សត្វឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាមផងដែរ» ។
ក្រសួងបញ្ជាក់ថា សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រសួងបន្ថែមថា តំបន់ព្រៃទេសភាពខ្ពង់រាបភាគ ក្នុងប្រទេសកម្ពុជាគឺជា ទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថា នៅសេសសល់ចំនួនតិចតួចបំផុត។ បើទោះជាយ៉ាងនេះក្តី សត្វមំសាសីដ៏កម្របំផុតមួយប្រភេទនេះ កំពុងបន្តទទួលរងការគំរាមកំហែងនឹងការផុតពូជ ដោយសារវិបត្តិ អន្ទាក់ដែលបានរាលដាលឡើង ដោយការជួញដូរសត្វព្រៃខុសច្បាប់។ សត្វខ្លារខិនអាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹងសត្វខ្លាធំដែលបានផុតពូជទៅហើយ ដោយហេតុថាចំនួននៅសេសសល់ដ៏តិចតួចបំផុតរបស់វានៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់ដែលបានលាក់បង្កប់ខ្លួនយ៉ាងស្ងៀមស្ងាប់នៅក្នុងជម្រកព្រៃហើយរង់ចាំស្ទាក់ចាប់ និងសំលាប់សត្វគ្រប់ប្រភេទទាំងអស់រួមទាំងសត្វខ្លារខិន សត្វក្រចកជើងចំពាម និងសត្វព្រៃផ្សេងៗទៀតដោយមិនរើសមុខឡើយ។
ដើម្បីដោះស្រាយវិបត្តិនេះ តួអង្គសំខាន់ៗនៃស្ថាប័ន របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថាន បានបើកយុទ្ធនាការ «អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា ៕