នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបពិភាក្សាការងារជាមួយ លោក Song Tao រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន តាមប្រព័ន្ធអ៊ីនធើណែត (VTC) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្សប្រជានកម្ពុជា និងបក្សកុម្មុយនីស្តចិននៅក្នុងបរិបទថ្មី ព្រមទាំងការពង្រឹងតួនាទី របស់យុវជន នៅក្នុងការកសាងសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលកម្ពុជានិងចិន សម្រេចបាននិងកំពុងបន្តពូនជ្រុំសំដៅកសាង «សហគមន៍ជោគវាសនារួម» ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ និងភាពប៉ិនប្រសព្វ របស់គណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ នៅកម្ពុជា។ ភាគីទាំងពីរបានប្តេជ្ញា ជំរុញការផ្លាស់ប្តូរ យុវជននៃប្រទេសទាំងពីរ ដើម្បីជួយបណ្ដុះបណ្ដាល សមត្ថភាពយុវជន តាមរយៈការផ្ដល់អាហាររូបករណ៍ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗទៀត សំដៅលើកកម្ពស់តួនាទី និងការចូលរួមរបស់យុវជនបន្តវេន ក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត នេះបើតាមប្រភពព័ត៌មានពី គណបក្សប្រជាជនកម្ពុជា (CPP)។
ក្នុងជំនួបនោះដែរ លោក Song Tao បានណែនាំអំពីសកលភាវូបនីយកម្ម ដែលលើកឡើង ដោយ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើការបន្តទំនាក់ទំនង មិត្តភាពជាប្រពៃណី រវាងចិន និងកម្ពុជា ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ និងការលើកកម្ពស់ ការកសាងសហគមន៍មួយ អនាគតរួមគ្នារវាងចិន និងកម្ពុជា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន