ព័ត៌មានជាតិ

ទីបំផុត! នាយរង ការិយាល័យ នគរបាលចរាចរណ៍ ភ្នំពេញបើកបរ ក្នុងស្ថានភាពស្រវឹងជោគជាំ ត្រូវរងវិន័យកងកម្លាំង

ភ្នំពេញ៖ នៅទីបំផុត នាយរងការិយាល័យ នគរបាលចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានបើកបរទាំងស្ថានភាពស្រវឹង ជោគជាំនោះ ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វើការផាកពិន័យតាមច្បាប់ និងធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យ របស់កងកម្លាំងនគរបាលជាតិ។

តាមរយៈសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ជូនសាធារណៈជន ឲ្យបានជ្រាបករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២:៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

យោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវ៉ាសវែង និងនាំខ្លួនអ្នកបើកបររថយន្តម៉ាក LAND CRUISER ពាក់ផ្លាកលេខ ៣៤៥៦MSKពណ៌ស បើកបរក្នុងស្ថានភាពស្រវឹក ទៅបុកនឹងរបងសាលា ថែទាំវេជ្ជសាស្ត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។

ប្រភពដដែលបញ្ជាក់ថា ចំពោះករណីនេះ គឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះ ក៏ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វើការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យ របស់កងកម្លាំងនគរបាលជាតិ ផងដែរ ៕

To Top