ព័ត៌មានជាតិ

សម្ដេចតេជោ លើកទឹកចិត្ត ឱ្យទ័ពកម្ពុជា-ជប៉ុន យកចិត្តទុកដាក់ហ្វឹកហ្វឺន ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការជាមួយ នឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេស លើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ។

ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន បានកោតសរសើរកម្ពុជា ដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។
លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ កម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួម របស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។

លោក យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា លោក បានជួបពិភាក្សាការងារជាមួយនាយកឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ផ្ដោតការយកចិត្តទុកដាក់លើការ ហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងសំដែងនូវការគាំទ្រចំពោះ កិច្ចពិភាក្សាជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងចំពោះអ្វីដែលបានលើកឡើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ៕

To Top