ភ្នំពេញ៖ អ្វីដែលបងប្អូនប្រជាពលរដ្ឋ ទន្ទឹងរង់ចាំនោះ គឺការបើកដំណើរការឡើងវិញ នូវច្រកទ្វារព្រំដែនកម្ពុជា-ថៃ ឥឡូវនេះបើតាមលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ភាគីថៃ បានយល់ព្រមបើកដំណើរការ នូវច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ឡើងវិញហើយ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

សូមរំលឹកថា ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ក្នុងនោះក៏មានច្រកប៉ោយប៉ែតនេះផងដែរ ត្រូវបានបិទអស់រយៈពេលជាច្រើនខែ ចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។
ចំពោះនីតិវិធីនៃការបើកដំណើរការយ៉ាងណានោះ ត្រូវបានលោក ង៉ោ ម៉េងជ្រួន អះអាងថា នឹងជួបភាគីថៃបន្ថែមទៀត នៅរសៀលថ្ងៃទី២៩មេសានេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកអភិបាលរងខេត្តរូបនេះ ក៏បានឱ្យដឹងថា ជាជំហានដំបូង នៃការបើកដំណើរការនេះ គឺសម្រាប់តែអ្នកដែលមាន ប័ណ្ណប៉ាស្ព័រ (Pasport) ឬ ប័ណ្ណព្រំដែន (Border pass) តែប៉ុណ្ណោះ ដោយភ្ជាប់ជាមួយនឹង កាតចាក់វ៉ាក់សាំងកូវីដ១៩ ទៅជាមួយផងដែរ។
ជាមួយគ្នានេះ លោក ង៉ោ ម៉េងជ្រួន ក៏បានរំលឹកផងដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា មិនបានបិទច្រកព្រំដែនណាមួយនោះទេ តែវាអាស្រ័យលើភាគីថៃជាអ្នកបិទ៕



