ព័ត៌មានជាតិ

ស្នេហាភេទដូចគ្នា! ខឹងសង្សារ លួចទាក់ទងប្រុសផ្សេង ផ្ទុះការប្រចណ្ឌ ទាញខ្សែភ្លើងរិតកសម្លាប់ចោល

ភ្នំពេញ៖ ព្រោះតែភ្លើងប្រចណ្ឌ ធ្វើឲ្យបុរសម្នាក់ផ្ទុះកំហឹងទាញខ្សែភ្លើង រិតកសង្សារដែលជាប្រុសដូចគ្នា សម្លាប់ចោលតែម្ដង ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ នៅចំណុចក្នុងបន្ទប់ជួលលេខ៥បេ ផ្លូវបេតុងក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី ភេទប្រុស (ភេទទី៣) អាយុ ២១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ចំណែកជនល្មើសក្រោយពី ធ្វើសកម្មភាពសម្លាប់រួច បានគេចខ្លួនបាត់ ។

ដោយមានបទបញ្ជាពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯកអគ្គស្នងការរង ទទួលផែននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យ ដែល ពាក់ព័ន្ធក្នុងករណីឃាតកម្មខាងលើ ឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី ពិតប្រាកដមែន ដោយសារតែជនរងគ្រោះ មានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយក៏យកខ្សែភ្លើង រិតក សម្លាប់ ។ ក្រោយពីធ្វើសកម្មភាព សម្លាប់រួចហើយ ខ្លួនបានយកទូរស័ព្ទ និងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើត នៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួន នៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

សម្ភារៈដកហូតរួមមាន៖ ទូរស័ព្ទ ១គ្រឿង ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមច្បាប់ ៕

To Top