ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ នៅបន្ទប់ប្រជុំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ លោក ប៉ែន នរៈវុធអគ្គនាយករង ប.ស.ស. បានដឹកនាំមន្ត្រី ប.ស.ស. ចូលរួម “វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧” ក្រោមអធិបតីភាពលោក សុខ ស៊ីឡូ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។
វេទិកាខាងលើនេះ ត្រូវបានពិភាក្សា និងឈ្វេងយល់លើគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖ (១) ស្វែងយល់ពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ (២) បច្ចុប្បន្នភាពនៃការវាយតម្លៃ បឋមស្ដីពីសុវត្ថិភាពម្ហូបអាហារ (៣) ស្ដីពីការស្ទង់មតិភាគីពាក់ព័ន្ធ លើគម្រោងលើកកម្ពស់អាហារូបត្ថម្ភចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ (៤) យុទ្ធសាស្រ្ដបណ្ដាញធុរកិច្ច ចលនាបង្កើនអាហារូបត្ថម្ភ នៅកម្ពុជា (២០២១-២០២៥) និង (៥) របាយការណ៍បឋមនៃការវាយតម្លៃសមត្ថភាពលើទំនាក់ទំនងការផ្លាស់ប្ដូរឥរិយាបទសង្គម នៅក្នុងកម្មវិធីអាហារូបត្ថម្ភ។
សូមបញ្ជាក់ថា៖ វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧ ខាងលើនេះ រៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាសរុបជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ៕