ព័ត៌មានជាតិ

ក្រុមហ៊ុន៣ បោះទុនវិនិយោគ ជាង១៨លានដុល្លារ លើវិស័យកាត់ដេរ និងផលិតកាបូប នៅកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលបានបោះទុនវិនិយោគសរុប ១៨,៨លានដុល្លារអាមេរិក ក្នុងការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់និងផលិតកាបូបគ្រប់ប្រភេទ។

ក្រុមហ៊ុនទាំងបីនោះរួមមាន៖

១. ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។

២. KYLIN (CAMBODIA) SPORTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៤កន្លែង។

៣. SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ១០,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧ កន្លែង៕

To Top